ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋមួយគ្រួសារនៅស្រុកគិរីវង់ ត្រូវចោរគាស់បង្អួចលួចយកទ្រព្យសម្បត្តិអស់មួយចំនួនធំ

ចែករំលែក៖

ខេត្តតាកែវ៖ ទ្រព្យសម្បត្តិមួយចំនួនធំរបស់ប្រជាពលរដ្ឋមួយគ្រួសារ នៅស្រុកគិរីវង់ត្រូវបានចោរធ្វើសកម្មភាពគាស់ទំលាយបង្អួចរួចលួចយកទៅបាត់ ។

ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ០៨និង៣០នាទីព្រឹក នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ផ្ទះមានឈ្មោះ ជា សំអុល (ហៅប៉ក់) ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ត្រូវបានចោរធ្វើសកម្មភាពគាស់ទម្លុះបង្អួចខាងក្រោយផ្ទះ និងបានចូលលួចយកសម្ភារក្នុងបន្ទប់ក្នុងផ្ទះអស់មួយចំនួនធំ។

ទ្រព្យសម្បត្តិដែលបាត់រួមមាន ៖ ប្លង់ដីស្រែចំនួន០២កន្លែង លុយខ្មែរ ៦០លានរៀល មាសសុទ្ធ២០តម្លឹង ខ្សែដៃប្លាទីន៥ជី និងក្រវិលប្លាទីន១ជី។

ក្រោយពីធ្វើសកម្មភាពរួចហើយ ជនសង្ស័យក៍បានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យមកចាត់ការតាមច្បាប់ ៕ ភ្នំដា


ចែករំលែក៖