កាលពីថ្ងៃទី៨ ខែកុម្ភៈ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Khaleda Zia អាយុ៧២ឆ្នាំ ដែលជាប្រធានគណបក្សប្រជាជនបង់ក្លាដែស BNP ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ៥ឆ្នាំពីបទពុករលួយ។
លោកស្រី Zia ត្រូវបានតុលាការ Dhaka កាត់ទោសដោយជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ យកប្រាក់ប្រមាណ២៥២ពាន់ដុល្លារ ដែលបរទេសផ្តល់ឲ្យមូលនិធិកុមារកំព្រាក្នុងអំឡុងឆ្នាំ២០០១-២០០៦។ ក្រៅពីលោកស្រី ក៏នៅមានកូនប្រុស ឈ្មោះ Tarique Rahman និងមនុស្ស៤នាក់ផ្សេងទៀត ត្រូវបានកាត់ទោសជាប់ពន្ធនាគារ១០ឆ្នាំផងដែរ។
កន្លងមកក៏មានការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រលោកស្រី Zia នឹងប៉ូលិស ដោយពលរដ្ឋរាប់រយនាក់បានដង្ហែក្បួននៅទីក្រុង ហើយគប់ដុំថ្មទៅលើប៉ូលិស បង្ខំឲ្យប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករទាំងអស់នោះ។
ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា លោកស្រី Zia និងកូនប្រុស ធ្លាប់បានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើរពុករលួយ និងជំរិតទាប្រាក់។ នៅក្នុងអាណត្តិទី២របស់លោកស្រី គណៈកម្មការប្រឆាំងអំពើពុករលួយបង់ក្លាដែស ACC បានចាប់ខ្លួនមនុស្ស១១នាក់ដែលមានជាប់ពាក់ព័ន្ធ។
លោកស្រីអតីតនាយករដ្ឋមន្ត្រីធ្លាប់ត្រូវឃុំខ្លួននៅក្នុងផ្ទះចាប់ពីដើមខែមករាឆ្នាំ២០១៥ ក្នុងពេលក្រុមប្រឆាំងធ្វើបាតុកម្មនៅទូទាំងប្រទេស បង្កឲ្យមានអំពើហិង្សាមួយចំនួនបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស៕ ម៉ែវ សាធី