ប្រទេសថៃៈ ស្ត្រីខ្មែរមានវ័យជាង៤០ឆ្នាំម្នាក់ដែលជាពលករបម្រើការងារនៅទីក្រុងបាងកក ប្រទេសថៃ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលស្ត្រីរូបនេះ បានឡើងទៅលើអគារជាន់ទី៤ ដែលគេកំពុងសាងសង់ ដើម្បីបោសសម្អាតបន្ទប់សាងសង់រួចហើយចៃដន្យភ្លាត់ជើងធ្លាក់មកដីតែម្តង។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងតំបន់ រ៉ាមខាំហែង ដែលជាកន្លែងកំពុងសាងសង់អគារកម្ពស់៧ជាន់ ត្រង់ចំណុចផ្លូវប្រសព្វលេខ ២៤ និង ២៨ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ករណីធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយមានសំឡេងស្រែកទ្រហោយំឡើងកងរំពង ពីសំណាក់កូនៗរបស់ស្ត្រីរងគ្រោះគួរឲ្យសង្វេគ ។
អាជ្ញាធរថៃបានឲ្យដឹងថា មុនពេលកើតហេតុ មានស្ត្រីជាពលករខ្មែរម្នាក់ឈ្មោះ ឆោន ប៉ោច អាយុ៤២ឆ្នាំ រស់នៅភូមិខ្ចឹងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឡើងទៅលើអគារជាន់ទី៤ ដើម្បីធ្វើការសម្អាត ដោយសារតែអគារនេះកំពុងសាងសង់។
លុះពេលឡើងដល់ជាន់ទី៤ទំនងជាស្ត្រីរូបនេះ ធ្វេសប្រហែសក៏រអិលភ្លាត់ជើង ធ្លាក់មកដីតែម្តងហើយបានប៉ះទង្គិចជាមួយនឹងគ្រោងដែកដែលនៅខាងក្រោមបន្ថែមទៀត បណ្តាលឲ្យបែកក្បាល ឈាមហូរជោកប្រាណស្លាប់តែម្តង។បន្ទាប់មក ពលករនៅទីនោះបាននាំគ្នាសែងជនរងគ្រោះយកមកដាក់នៅលើគ្រែ ដើម្បីឲ្យមន្ត្រីជំនាញ ចុះទៅពិនិត្យក្រោមសម្រែកទ្រហោយំយ៉ាងសោកសង្រែងពីសំណាក់កូនៗធ្វើការជាមួយ។
នៅក្នុងឱកាសនោះដែរគេឃើញមន្ត្រីនៅក្នុងស្ថានទូតកម្ពុជាប្រចាំនៅក្នុងប្រទេសថៃ បានអញ្ជើញចុះទៅដល់សាកសួររឿងហេតុនិងបានចូលជាថវិកាមួយចំនួនដល់ក្រុមគ្រួសារសព និងបានរៀបចំជួយសម្រួលឯកសារដើម្បីឲ្យកូនៗបាននាំសពយកទៅកាន់ស្រុកកំណើត រៀបចំធ្វើបុណ្យតាមប្រពៃណីនៅស្រុកខ្មែរវិញ ៕ ប្រាថ្នា