ភ្នំពេញ ៖ ទំនងជាស្រវឹងស្រា បុរសម្នាក់បានបើករថយន្តដឹកស្រីស្នេហ៍ក្នុងល្បឿនយ៉ាងលឿន ចុះពីលើស្ពានជ្រោយចង្វាបានជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ ដែលគេដាក់បែងចែងទិសដៅចរាចរនៅចំណុចគល់ស្ពានរង្វង់មូលប៉ែកខាងកើតបណ្តាលរថយន្តក្រឡាប់ផ្ងារជើង ផ្លោងចេញអ្នកបើកបង និងអ្នករួមដំណើរមកក្រៅ រងរបួសធ្ងន់ទាំង២នាក់។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ នៅម៉ោងរំលងអាធ្រាត្រឈានចូល ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វា ត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញគូរស្នេហ៍មួយគូរ បើករថយន្តមួយគ្រឿងម៉ាកលុចសុីសRX300 ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2U-3668បើកលើស្ពានជ្រោយចង្វាទិសដៅពីលិចទៅកើត ទំនងជាស្រវឹងស្រា ខណៈបើកមកដល់ចំណុចកើតហេតុបានវ៉ានិងរថយន្តមួយគ្រឿងទៀតក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យអ្នកបើកបរនឹងអ្នករួមដំណើរផ្លោងចេញពីរថយន្ត រងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដេកយកទៅសង្គ្រោះភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុទំនាក់ទំនងទៅសមត្ថកិច្ចជំនាញស្ទួចយកទៅកាន់ការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមនីតិវិធី៕ ជ្រោយពេជ្រ