ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានរថយន្ត២គ្រឿង បុកគ្នានៅផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ១៧២-១៧៣ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបណ្តាលឲ្យមនុស្ស៣នាក់រងរបួស ។
សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តធុនធំសណ្តោងរ៉ឺម៉ក ដឹកកុងតឺន័ររបស់ក្រុមហ៊ុនសូងួន អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បានបុកនឹងរថយន្តម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S-9522 ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរ ឈ្មោះ រស់ វ៉ាន់សុជាតា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ឯកជនមួយ មានលំនៅដ្ឋាន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងរថយន្តមានអ្នកដំណើរ ២នាក់ ឈ្មោះ តេង លក្ខិណា ភេទ ស្រី អាយុ ២១ឆ្នាំ សិស្ស មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ និងឈ្មោះ រិន ឌីម៉ង់ ភេទ ប្រុស អាយុ ២៤ឆ្នាំ សិស្ស មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រុងភ្នំពេញ ។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យរងរបួសមនុស្ស ចំនួន៣នាក់ស្រី១នាក់ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកលិគឹមឌីវាលរេញ ។
រថយន្ត ទាំង២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕ ឆ្លាម សមុទ្រ