ព័ត៌មានទាន់ហេតុការណ៍៖

បុរសសុំទានម្នាក់ដែលមានដៃជើងនិងកម្លាំងពេញលេញតែក្លែងធ្វើជាពិការ វារនៅលើដីធ្វើដៃជើងខ្វើកៗដូចសត្វអណ្តើកបោកប្រាស់ក្តីមេត្តារបស់មហាជន

ចែករំលែក៖

ភ្នំពេញ៖ រាប់ឆ្នាំមកហើយដែលបុរស ម្នាក់នេះវារលើបន្ទះក្តារដូចសត្វអណ្តើក នៅតាមភ្លើងស្តុប តាមរោងចក្រ តាមផ្សារ និងទីប្រជុំជនផ្សេងៗក្នុងរាជធានីភ្នំពេញ ដើម្បីសុំទាន តពូជ តត្រកូលតាំងពីឪពុក ដល់កូន ព្រោះតែភាពខ្ជិលច្រអូស ខ្ជិលរក ការងារធ្វើ។ គាត់បានសារភាពថា ការដើរសុំទាននេះធ្វើតាមឪពុករបស់គាត់ ហើយ គាត់ផ្ទាល់បានដឹកឪពុកដើរសុំទានតាំងពីអាយុ១០ឆ្នាំ ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជា ការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញបានបញ្ជាដល់កម្លាំងជំនាញចុះស្រាវជ្រាវ និងផ្តិតយករូបភាពមកបង្ហាញ ជូនបងប្អូនពិចារណានោះគឺរូបភាពបុរសសុំទានម្នាក់ដែលមានដៃជើងនិងកម្លាំងពេញលេញតែក្លែងធ្វើជាពិការវារនៅលើដីធ្វើដៃជើងខ្វើកៗដូចសត្វអណ្តើកបោកប្រាស់ក្តីមេត្តារបស់មហាជនឲ្យមានការអាណិត អាសូរដាក់ទានឲ្យ ។

ជាការណ៍ពិតការដើរសុំទានពុំមានអ្វី ខុសទេព្រោះវាជាសិទ្ធិសេរីភាពរបស់ពលរដ្ឋគ្មានបុគ្គលឬច្បាប់ឯណាហាមឃាត់ឡើយតែនៅពេលដែលអាជ្ញាធរនិងសមត្ថកិច្ច បន្ធូរបន្ថយមិនអើពើបែរជាមានមតិជាច្រើន លើកឡើងថា ហេតុអ្វីអាជ្ញាធរបណ្តែត បណ្តោយឲ្យអ្នកសុំទានទាំងនេះដើរសុំយ៉ាងអនាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃ បាត់បង់ សណ្តាប់ធ្នាប់សង្គម ធ្វើឲ្យអាប់ឱនដល់ កិត្តិយសនិងកេរ្តិ៍ឈ្មោះជាតិខ្មែរដែលធ្លាប់តែរុងរឿងខ្ពង់ខ្ពស់ឆើតឆាយ ហើយជនអគតិ មួយចំនួនក៏បានឆ្លៀតឱកាសលើកយករូបភាពទាំងនេះមកបន្ទោសបង្អាប់ទម្លាក់ កំហុសលើរដ្ឋាភិបាល ។

ការបង្ក្រាបរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនដងកន្លងទៅបានរកឃើញថា របរសុំទានទាំងនេះកើតចេញពីភាពខ្ជិលច្រអូសប៉ុណ្ណោះ ហើយវាមិនត្រឹមតែបង្កភាពអនាធិបតេយ្យរញ៉េរញ៉ៃបាត់បង់សណ្តាប់ធ្នាប់សង្គមធ្វើឲ្យបរទេសប្រមាថមើលងាយដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ជាតិខ្មែរដែលធ្លាប់តែរុងរឿងខ្ពង់ខ្ពស់ឆើតឆាយប៉ុណ្ណោះទេ ថែមទាំងបង្កប់បទល្មើសនិងការបោកប្រាស់ជាច្រើនទៀតផងដែរ។

ជាក់ស្តែងក្រុមអ្នកដើរសុំទានដែល កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់បានបង្ក្រាបពាក់ព័ន្ធបទល្មើសនិងការបោកប្រាស់មានដូចជា ៖

-អ្នកសុំទានបន្លំលួចទ្រព្យសម្បត្តិអ្នកដទៃ (បង្ក្រាប ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧)។

-អ្នកសុំទានកេងប្រវ័ញ្ចពលកម្មកុមារ និងរក្សាទុកកុមារ៧នាក់ដោយខុសច្បាប់ ប្រើទារុណកម្មបង្ខំឲ្យកុមារដើរសុំទានដោយមិនឲ្យកុមារទាំងនោះចូលរៀន និងមិនឲ្យអាហារទទួលទានបានគ្រប់គ្រាន់ (បង្ក្រាប ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧)។

-ឪពុកម្តាយចិញ្ចឹមកូន៥នាក់ទុកជា ទាសករនិងជាឧបករណ៍រកលុយតាមរយៈការដើរសុំទាន (បង្ក្រាបថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧) ។

-មេខ្លោងប្រមូលលុយពីអ្នកសុំទានជារៀងរាល់ថ្ងៃដោយក្នុង១ថ្ងៃអ្នកសុំទានម្នាក់ត្រូវបង់លុយចាប់ពី១ម៉ឺនរៀលទៅ១ម៉ឺន២ពាន់រៀល (បង្ក្រាបថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៧) ។

-អ្នកសុំទានដែលមានកាយសម្បទា និងកម្លាំងពេញលេញ តែដើរបោកប្រាស់ មហាជនថាជាកម្មករទើបមកពីប្រទេសថៃ អត់លុយហូបបាយនិងអត់លុយ ជិះរថយន្ត ឈ្នួលត្រឡប់ទៅស្រុកកំណើតវិញ (បង្ក្រាប ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧) ។

-អ្នកសុំទានបានលុយទិញថ្នាំញៀន ជក់នៅកណ្តាលសួនច្បារទីសាធារណៈ (បង្ក្រាបថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨) ។

-អ្នកសុំទានដែលមានដៃជើងគ្រប់ទាំងអស់ តែក្លែងជាពិការដើរសុំទាននិងញៀនថ្នាំ (បង្ក្រាបថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨)។

-អ្នកសុំទានមានកាយសម្បទានិងកម្លាំងពេញលេញ សាច់ដុំរឹងមាំដូចកីឡាកាស តែក្លែងជាពិការវារលើដីដូចអណ្តើក បោក ប្រាស់ក្តីមេត្តាមហាជន (បង្ក្រាបថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨) ៕ ហេង សូរិយា


ចែករំលែក៖