ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកដែលអារកសម្លាប់ស្រ្តីនៅក្នុងព្រៃគឺជាប្តីរបស់ស្រ្តីរងគ្រោះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ឃាតកដែលសម្លាប់ស្រ្តីម្នាក់ទុកចោលនៅក្នុងព្រៃ ក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយ បន្ទាប់ពីស្រាវជ្រាវទៅបច្ចេកទេស ដែលឃាតកនោះគឺជាប្តីរបស់ស្រ្តីរងគ្រោះនេះតែម្តង ។ ការចាប់ខ្លួននេះ គឺធ្វើឡើងកាលពីល្ងាចថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅឃុំពាមឆ្កោក ស្រុកជលគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះជា ធីម៉ារ៉ាត់ អាយុ២២ឆ្នាំ ជាប្តីរបស់ស្រ្តីរងគ្រោះឈ្មោះ ហ៊ន ណាវី អាយុជាង២០ឆ្នាំនិងមានទីលំនៅក្នុងភូមិ ឃុំខាងលើ ។

ឪពុកស្រ្តីរងគ្រោះ បានឲ្យដឹងថា កូនស្រីគាត់ឈ្មោះ ហ៊ន ណាវី បានរៀបការជាមួយបុរសម្នាក់ឈ្មោះ ជា ធីម៉ារ៉ាត់ អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី កាលពីឆ្នាំកន្លងទៅ និងមានកូនម្នាក់ អាយុ៦ខែ ។

បុរសជាឪពុកបានឲ្យដឹងបន្តថា កាលពីពេលថ្មីៗនេះ កូនប្រសារ បានទាស់សំដីជាមួយគាត់ ហើយក៏ចុះចេញពីផ្ទះចោលកូនស្រីគាត់ទៅផ្ទះរបស់គេនៅភូមិព្រៃគ្រីបាត់ទៅ ។ នៅថ្ងៃកើតហេតុ វេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១២ កុម្ភៈ កូនស្រីគាត់បានទុកកូនតូចអាយុ៦ខែឱ្យក្មួយមើល ដោយប្រាប់ថា ទៅផ្ទះយាយមួយភ្លែត ហើយក៏ជិះម៉ូតូទៅផ្ទះយាយ ដែលមានចម្ងាយជាង១គីឡូម៉ែត្រពីផ្ទះគាត់ ។ ពេលទៅដល់ផ្ទះយាយ កូនស្រីគាត់បានផ្ញើម៉ូតូនិងគេ រួចក៏ជិះទូកឆ្លងទន្លេ មកត្រើយម្ខាង ហើយក៏បាត់ខ្លួនរហូត ។

បុរសជាឪពុកបានបញ្ជាក់ទៀតថា នៅម៉ោង១១ព្រឹក ពេលគាត់មកពីស្រែវិញ មិនឃើញកូនស្រីឃើញតែចៅយំពេញផ្ទះ ពេលសួរក្មួយប្រាប់ថា កូនស្រីគាត់ជិះម៉ូតូទៅផ្ទះយាយ មានគេទូរសព្ទ័មកហៅគាត់ ។ ពេលនោះគាត់ក៏បានទៅរកនៅផ្ទះយាយ តែរកមិនឃើញ ឃើញតែម៉ូតូ និងពេលទូរសព្ទ័ចូល តែគ្មានអ្នកលើកទៀត ទើបមានការសង្ស័យ នាំគ្នាដើររកពេញមួយថ្ងៃ រហូតដល់ម៉ោងជាង៧យប់ទើបប្រទះឃើញកូនស្រីស្លាប់ដោយត្រូវគេអារ.កតែម្តង ។

បុរសជាឪពុកបានឲ្យដឹងថា នៅជាប់ខ្លួនកូនស្រីគាត់មានខ្យែ.កមាស៥ជី, កងដៃផ្លាកទីន១តម្លឹង ក្រវិលផ្លាកទីន១ជី ចិញ្ចៀន១ជី និង ប្រាក់២០ម៉ឺនរៀលផងដែរ។

នៅព្រឹកថ្ងៃទី១៣ កុម្ភៈ សមត្ថកិច្ចបានចុះទៅពិនិត្យធ្វើកោសល្យវិច័យសាកសពស្ត្រីរងគ្រោះនៅកន្លែងកើតហេតុ ប្រទះឃើញមានទូរស័ព្ទរបស់ស្ត្រីរងគ្រោះមួយគ្រឿង កូនកាំបិតដងលឿង១ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបានសារភាពថា រូបគេពិតជាបានសម្លាប់ប្រពន្ធរបស់ខ្លួនពិតប្រាកដមែន ដោយនៅមុនដំបូងគេបានទូរស័ព្ទហៅប្រពន្ធមកនិយាយគ្នារឿងបញ្ហាជម្លោះក្នុងគ្រួសារ តែនិយាយមិនត្រូវគ្នា ហើយប្រពន្ធក៏បានប្រើពាក្យសំដីមើលងាយធ្ងន់ៗ ធ្វើឲ្យរូបគេខឹងទប់ចិត្តមិនបានក៏ដាល់មួយដៃចំពោះបណ្តាលនាងចុកឆ្អល់ និងសន្លប់លែងដឹងខ្លួន ហើយរូបគេបានយកកាំបិតអារកបន្ថែមរហូតដល់នាងដាច់ខ្យល់ស្លាប់តែម្តង។ បន្ទាប់ពីបានសម្លាប់ប្រពន្ធរួចហើយ ក៏បានដោះយកគ្រឿងអលង្ការ និង ប្រមូលយកលុយនៅខ្លួននាង ហើយគេចខ្លួនចេញពីកន្លែងកើតហេតុតែម្តង។

នៅពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាកសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖