ខេត្តកំពង់ស្ពឺៈ ក្រុមការងារត្រួតពិនិត្យបច្ចេកទេសមួយក្រុម ដែលមានខាងនគរបាលចរាចរខេត្ត និងមន្ត្រីមន្ទីរសាធារណការ គឺបង្កើតឡើង ដើម្បីពិនិត្យលើយានយន្តទាំងឡាយណា ដែលតទ្រុងខុសលក្ខណៈបច្ចេកទេស តាមអនុសាសន៍របស់សម្តេចតេជោ បានរងនូវការចោទប្រកាន់ថា កៀបសុីលុយម្ចាស់រថយន្ត ជាថ្នូរនឹងការដោះលែងរថយន្តទៅវិញ ខណៈដែលរថយន្តទាំងនោះ មានឯកសារបញ្ជាក់ថា ជារថយន្តឃ្លុបត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក៏ដោយ ។
ប្រភពបានបង្ហើបថា ក្រុមមន្ត្រីទាំងនគរបាលចរាចរណ៍ និងមន្ត្រីសាធារណការ បានចុះស្ទាក់ឃាត់រថយន្តជាច្រើនគ្រឿង ដើម្បីត្រួតពិនិត្យលើលក្ខណៈបច្ចេកទេស (តទ្រុងខុសស្តង់ដារ) ស្របតាមអនុសាសន៍សម្តេចតេជោព្រោះថា ការដែលរថយន្តធំៗ ហើយតទ្រុងវែងៗទាំងនោះដឹកលើសទំងន់ បណ្តាលអោយខូចផ្លូវថ្នល់ ដែលជាផ្លូវសាធារណៈរបស់រដ្ឋ ។ ក្នុងការចុះពិនិត្យនេះដែរ ក្រុមមន្ត្រីទាំងនោះ បានស្ទាក់ឃាត់រថយន្តជាច្រើនគ្រឿង មានទាំងរថយន្តតទ្រុងវែងខុសស្តង់ដារ និងរថយន្តឃ្លុបទៀតផង ។
ការចុះឃាត់រថយន្តដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះដែរ រថយន្តជាច្រើនគ្រឿងត្រូវបានឃាត់ដើម្បីពិនិត្យ។ ក្នុងចំណោមរថយន្តទាំងនោះ ក៏មានរថយន្តឃ្លុបមួយចំនួនជារថយន្តចេញពីប្រភពដើម (original)មកពីប្រទេសកូរ៉េតែម្តង ក៏ត្រូវបានឃាត់ទុកដែរ ។
ពេលឃាត់ មានម្ចាស់រថយន្តជាច្រើនបានហុចលុយទៅអោយអស់លោកមន្ត្រីសាធារណការ និងមន្ត្រីនគរបាលចាប់ពី២០ដុលារក្នុងម្នាក់ ហើយក៏បើករថយន្តចេញអស់ទៅ ដោយឡែករថយន្តឃ្លុប០២គ្រឿង ដែលមានម្ចាស់ឈ្មោះ សុខ សំបូរ មិនត្រូវបានអនុញាតិអោយទៅនោះទេ បើទោះជាម្ចាស់ឡានបានអោយលុយទៅមន្ត្រីទាំងនោះក៏មិនព្រមដែរ ដោយសំអាងថា តទ្រុងឃ្លុបខុសបច្ចេកទេស ។
ក្រោយឃាត់ ក្រុមមន្ត្រីពិនិត្យទៅឃើញថា ជារថយន្តឃ្លុបប្រភពដើមដែលមានទាំងឈៀកត្រឹមត្រូវ ចេញដោយខាងសាធារណការ តែទោះជាយ៉ាងនេះក្តី ក៏រថយន្តទាំង២គ្រឿងនោះ មិនត្រូវបានដោះលែង និងអនុញាតអោយវិលទៅវិញឡើយ ។ ម្ចាស់បានអះអាងថា រថយន្តឃ្លុបរបស់គាត់ ជារថយន្តដែលមានប្រភពមកពីកូរ៉េ បើទោះជាម្ចាស់បានបង្ហាញលិខិតបញ្ជាក់ថា ជារថយន្តឃ្លុបត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក៏ដោយ ។
បុរសម្ចាស់រថយន្តម្នាក់បានសំដែងនូវការហួសចិត្តថា រថយន្តរបស់គាត់ជារថយន្តឃ្លុបហ្សុីន មកពីកូរ៉េហើយថែមទាំងមានលិខិតត្រួតពិនិត្យបច្ចេកទេសយានយន្តដោយសាធារណការទៀតផង នៅតែអស់លោកទាំងនោះឃាត់ទុក បើទោះជាគាត់បានបង្ហាញលិខិតទាំងនោះដល់មន្ត្រីទាំងអស់ អោយបានឃើញក្តី ក៏គេធ្វើមិនដឹងមិនលឺដែរ ។
នៅថ្ងៃទី១៤ កុម្ភៈ ២០១៨ ស្រាប់តែមានមន្ត្រីម្នាក់ឈ្មោះ ភ័ណ្ឌ ខាងសាធារណការ មកនិយាយជាមួយគាត់ (ម្ចាស់រថយន្ត)ថា បើម្ចាស់ឡានមានលុយ$400 អោយក្រុមការងារ ទើបក្រុមការងារធ្វើលិខិតបញ្ជាក់ថា ត្រឹមត្រូវ និងអនុញាតអោយយកឡានទៅប្រកបការងារវិញបាន។ លុយ៤០០ដុល្លារនេះ ជាថ្នូរនឹងការដោះលែងឡានឃ្លុបត្រឹមត្រូវ បើទោះជាឡានមានឈៀក ក៏ដោយ
ចំណែកនគរបាលចរាចរណ៍ខេត្ដ ក៏រួមគ្នាសុីលុយជាមួយសាធារណការ គឺឡានមួយ$100 ទើបអស់លោកទាំងនោះធ្វើកំណត់ហេតុទទួលស្គាល់ថាត្រឹមត្រូវ ។
ក្នុងនាមម្ចាស់រថយន្តដែលរងការគាបសុីលុយឆៅៗពីសំណាក់ក្រុមនគរបាលចរាចរណ៍ និងមន្ត្រីសាធារណការសូមសំណូមពរដល់សម្ដេចតេជោ ពិសេសសម្ដេចក្រឡាហោម សូមចាត់ក្រុមកាងារអធិការកិច្ចចុះមកអង្កេតករណីនេះផង បើបណ្តែតបណ្តោយតទៅ ច្បាស់ជាអស់លោកមន្រ្ដីកន្ទេលធំ បន្លំដេកទាំងនេះរឹតតែគាបសុីលុយពីម្ចាស់ឡានមិនថា ឡានត្រឹមត្រូវ ឬក៏ខុសបច្ចេកទេសនោះទេ។ ម្យ៉ាងទៀតប្រាកដណាស់ថាសន្លឹកឆ្នោតច្បាស់ជាបាត់ជាក់ជាមិនខានឡើយ ។
ពាក់ព័ន្ឋករណីនេះដែរ លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងទទួលបន្ទុកចរាចរណ៍បានបំភ្លឺតាមទូរស័ព្ទថា “ក្រុមការងារ ដែលមានមន្ត្រីបច្ចេកទេសពិតជាបានឃាត់រថយន្តឃ្លុប០២គ្រឿង
ពាក់ស្លាកលេខ ភ្នំពេញ 3B0366 និងមួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 3c2218
ប្រាកដមែន កាលពីយប់ថ្ងៃទី១២ កុម្ភៈ ២០១៨ នៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសង្ស័យថា កែឆ្នៃខុសបច្ចេកទេ” ។
លោកស្នងការរងបន្តថា “បន្ទាប់ពីឃាត់ ក៏បាននាំយកមកកាន់ស្នងការដើម្បីពិនិត្យ ហើយការពិនិត្យនេះទៀតសោត ធ្វើឡើងដោយមន្ត្រីជំនាញរបស់មន្ទីរសាធារណការទៀតផង ។ នៅពេលពិនិត្យក្រុមការងាររកឃើញថា រថយន្តទាំង០២គ្រឿងនោះ ពិតជាកែឆ្នៃឃ្លុបមែន តែត្រឹមត្រូវតាមបច្ចេកទេសហើយ ធ្វើកិច្ចសន្យាប្រគល់ឡានអោយម្ចាស់វិញ ចំពោះរឿងលុយ១០០ដុល្លារលោកមិនបានដឹងទេ” ។
លោកក៏បាននិយាយបន្តថា បើសិនជាខាងសាធារណការពិនិត្យឃើញថា ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសហើយចាំបញ្ជូនមកស្នងការធ្វើអី ។
ដោយឡែក លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ បានបំភ្លឺប្រាប់តាមទូរស័ព្ទថា “រឿងមន្ត្រីរបស់លោកយកលុយពីម្ចាស់ឡានក្នុង១គ្រឿង៤០០ដុល្លារនោះ លោកមិនបានដឹងទេ ព្រោះការចុះអនុវត្តការងារត្រួតពិនិត្យនេះ រាល់ការចំណាយគឺខាងមន្ទីរជាអ្នកផ្គត់ផ្គង់ទាំងស្រុង ហើយលោកក៏បានផ្តាំផ្ញើដល់មន្ត្រីគ្រប់រូបថាមិនត្រូវប៉ះពាល់លុយកាក់ជាថ្នូរនឹងការដោះលែងឡាននោះទេ តែបើអ្នកណាធ្វើ ត្រូវទទួលខុសដោយខ្លួនឯង” ៕ សេនាស័ក្តិ