ព័ត៌មានទាន់ហេតុការណ៍៖

ភាពយន្តរឿង “ធ្មប់” របស់កម្ពុជាផ្អើលដល់ប្រជាជនប្រុយណេ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលក្រោយពីខ្សែភាពយន្តរឿង “ធ្មប់” ដែលទទួលការគាំទ្រនៅក្នុងស្រុកយ៉ាងខ្លាំង ស្រាប់តែពេលនេះ ត្រូវបានខាងផលិតករពាំនាំយកទៅចាក់បញ្ចាំង នៅប្រទេសប្រ៊ុយណេ ស្របពេល ដែលភាពយន្តនេះ កំពុងបន្តចាក់បញ្ចាំងនៅរោងភាពយន្តជាច្រើន នៅតាមបណ្តាខេត្តនានានោះ។

ភាពយន្តរឿង “ធ្មប់” គឺជាភាពយន្តទី២ហើយ ដែលចូលទៅកាន់ទីផ្សារប្រ៊ុយណេ បន្ទាប់ពីរឿង Jailbreak កាលពីឆ្នាំ២០១៧កន្លងទៅ។ ទោះយ៉ាងណារឿង “ធ្មប់” គឺជាភាពយន្តទី១ ដែលត្រួសត្រាយផ្លូវជួយឲ្យវិស័យភាពយន្តខ្មែរចូលប្រទេសនេះជាផ្លូវការ ។

លោក ហ៊ុយ យ៉ាឡេង ផលិតករបានសាងស្នាដៃកាលពីជំនាន់រឿង “ដើមចេកជ្វា” ហើយក៏ជាតារាឯកនៅក្នុងរឿង “ធ្មប់” បានថ្លែងប្រាប់អ្នកយកព័ត៌មានថា នេះជាប្រវត្តិសាស្ត្រមួយ ដែលស្មាដៃរឿង “ធ្មប់” បានយកទៅបញ្ចាំងនៅក្នុងប្រទេសព្រុយណេ ហើយនេះជារឿងខ្មែរទី២ ដែលដាក់បញ្ចាំងនៅប្រទេសនេះ។

លោកលើកឡើងទៀតថា តាមគម្រោងយើងយករឿង “ធ្មប់” នេះចាក់បញ្ចាំងចំនួន៣សប្តាហ៍នាប្រទេសព្រុយណេ ដែលពេលនេះ សារព័ត៌មានកំពុងតែផ្អើលនៅព្រុយណេ។ លោកថា កម្មវិធីរបស់យើង មានតារា មានរដ្ឋមន្ត្រី ទស្សនិកជនច្រើនមកចូលរួមសប្បាយជាមួយយើង សុទ្ធតែគាំទ្រ សូម្បីតែថៅកែរោងកុន គេក៏សរសើរហើយរំពឹងថា មានរឿងខ្មែរល្អៗជាច្រើនទៀត យកទៅចាក់តាមរោងកុនប្រទេសគេ ។

គួរបញ្ជាក់ដែរថា ភាពយន្តបែបភ័យរន្ធត់រឿង ”ធ្មប់” ដែលជាស្នាដៃថ្មីមួយទៀត របស់ផលិតកម្មមាតុចក្រហ្វីលម៍ បានវាយលុកទីផ្សារនៅដើមឆ្នាំ២០១៨ខាងមុខ ។ ភាពយន្តមួយនេះ បានយកទៅបង្ហាញនៅមហោស្រពភាពយន្តនៅប្រទេសចិន កាលពីពេលថ្មីៗ ដោយទទួលការចាប់អារម្មណ៍ច្រើនពីផលិតរបរទេសផងដែរ ៕ វឌ្ឍនា


ចែករំលែក៖