ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយអំពើពុករលួយចេញពីមន្រ្ដីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ​

ចែករំលែក៖

ខេត្តកំពង់ធំ៖ តាមប្រភពបែកធ្លាយអំពើពុករលួយចេញពីមន្រ្ដីការិយាល័យ​ផលិតកម្ម និងបសុព្យាបាលដែលបានផ្ទេរការងារទៅបម្រើការងារនៅនាយកដ្ឋានផលិតកម្ម និងបសុ​ព្យា​បាល បាន​ផ្តល់ព័ត៌មានមិនពេញចិត្ត និងទង្វើរបស់លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបុសព្យាបាល និងលោក ម៉ក់ យុទ្ធនា អនុប្រធានមន្ទីរកសិ​កម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ កំពុងប្រព្រឹត្តអំពើពុករលួយ កៀបសង្កត់ និងកេងប្រវ័ន្ដញើសឈាម អាជីវករ និងអ្នកអាជីវកម្ម ក្នុងខេត្តកំពង់ធំ រយះពេល ២ឆ្នាំមកហើយ គឺនៅក្នុងឆ្នាំ ២០១៦ និង២០១៧ ក្នុងទឹកប្រាក់រាប់ម៉ឺនដុល្លារ ក្រោមរូបភាពការធ្វើអាជីវកម្មសត្វឃាត តាមបណ្តាស្រុក ក្រុង ក្នុងខេត្តកំពង់ធំ និងការដឹកជញ្ជូនសត្វគោ ក្របី ជ្រូក នាំចេញក្រៅខេត្តកំពង់ធំ ។

យោងតាមប្រភពពីអាជីវករដឹកគោ ក្របី ចេញក្រៅខេត្ត ម្នាក់សុំមិនបញ្ចេញឈ្មោះប្រាប់ថា លោកចំណាយដើមទុន និងកំលាំងញើសឈាម បែរជាបានចំណេញលុយតិចតួច ខុសពីអ្នកអង្គុយចាំតែស៊ីញ៉េវិញ បែរជាបានលុយច្រើន ​ជាកស្ដែងការដឹក គោ ក្របី ជ្រូក ដែលខ្ញុំដឹកចេញក្រៅខេត្ត គឺត្រូវបង់លុយច្បាប់អាជីវកម្មផ្សេង បង់លុយសេវាឲ្យលោក ចាន់ បញ្ញាវ័ន្ត និងលោក ម៉ក់ យុទ្ធនា ក្នុង១ក្បាល១២០០០រៀលផ្សេងទៀត ឯជ្រូកវិញដូចគ្នាត្រូវបង់ ច្បាប់អាជីវកម្មផ្សេង និងត្រូវបង់៤០០០រៀលក្នុង១ក្បាល អោយពេទ្យសត្វ និងបង់អោយលោក វ៉ាន់ និងលោក វី អ្នកសរសេរច្បាប់នាំចេញក្រៅខេត្ត ១ឡាន ៣៥០០០រៀលទៀត ក្នុងនោះគេបានកំណត់ រយះពេល ១០ថ្ងៃត្រូវយកលុយទៅបង់ទូទាត់គ្នាម្ដង់។។ចំណែកលោក​ វីជាមន្រ្ដីចូលនិវត្តន៍ត្រូវបានលោក ម៉ក់ យុទ្ធនា ហៅមកប្រើ ជំនួសមន្រ្ដី​មានក្របខ័ណ្ឌ បែរជាទំនេរគ្មានការងារធ្វើ កើតទុកមិនសុខចិត្ត រាប់ឆ្នាំមកហើយ ។

អ្នកស្រី ជាង គឹមឈាង អ្នករត់ការច្បាប់ដឹកគោ ក្របី ចេញក្រៅខេត្តកំពង់ធំបានផ្តល់កិច្ចសម្ភាសន៍ថា បានបង់លុយ មេភូមិ១ក្បាល ៥០០០រៀល មេភូមិឃុំ១ក្បាល ៥០០០រៀល មេប៉េស្តិ៍ ១ក្បាល ៥០០០រៀល អធិការស្រុក ក្រុង ១ក្បាល ៨០០០រៀល ពេទ្យសត្វស្រុក ២០០០រៀល ពេទ្យសត្វខេត្ត ១ក្បាល ២០០០រៀល និងលុយផ្សេងៗទៀត។ តែកូនប្រសាអ្នកស្រី ជាង គឹមឈាង ឈ្មោះ ខេមរិន បានផ្ដល់បទសម្ភាស ខុសពីសំដីអ្នកស្រី​ ដោយបញ្ជាក់យ៉ាងច្បាស់ថា ការដឹកសត្វគោ ក្របី ចេញក្រៅខេត្ត ត្រូវបង់ថ្លៃអាជីវកម្មផ្សេង និងបង់ឲ្យលោក ចាន់ បញ្ញាវ័ន្ត ពេទ្យសត្វខេត្តក្នុង ១ក្បាល ១២០០០រៀលផ្សេងទៀត។ ក្នុងនោះអ្នកស្រីបន្ថែមថាបើបង់ដូច្នោះមែន មានតែបង់អោយដោយមនោសញ្ចេតនាប៉ុណ្ណោះ​ប៉ុន្ដែគេមានការងឿងឆ្ងល់ថា បើមនោសញ្ចេតនាមែនចុះហេតុអីត្រូវបង់លុយអោយគ្រប់ក្បាលបែបនេះ ? ។

ក្រុមអាជីវករដឹក គោ ក្របី​ ចេញក្រៅខេត្តបានប្រាប់ក្នុងកិច្ចសម្ភាសថា ពួកខ្ញុំក្រោយពីបង់ច្បាប់អាជីវកម្មរួច ត្រូវបង់លុយសេវ៉ាឲ្យលោក ចាន់ បញ្ញាវ័ន្ត ប្រធាន​ការិយាល័យផលិតកម្ម និងបុសព្យាបាលខេត្តកំពង់ធំ១ក្បាល ១២០០០រៀល តែក្នុងគោលការណ៍ច្បាប់កំណត់ គោ ក្របី ១ក្បាល ២០០០រៀល និងជ្រូក ១ក្បាល ១០០០រៀល តែការអនុវត្តជាក់ស្តែងរបស់លោក ចាន់ បញ្ញាវ័ន្ត និងលោក ម៉ក់ យុទ្ធនា រាល់ថ្ងៃ កំពុងអនុវត្តសេវាសាធារណះប្រឆាំង និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងទៅ និងច្បាប់របស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងសៀវភៅបន្ទុក ។

អាជីវករកាប់គោ ក្របី នៅក្រុងស្ទឹងសែនបានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា ការពិឃាត​គោ ក្របី ត្រូវបង់ឲ្យការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ១ក្បាល គោ ក្របី ១២០០០រៀល សាច់ច្រឡក១ដុំ នគរបាល១ក្បាល ៥០០០រៀល និង ភាស៊ី ១ក្បាល ៨៥០០រៀល ។

លោក ធីវ វណ្ណធីវ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានប្រាប់ក្នុងកិច្ចសម្ភាសថា ដឹកជញ្ជូន ជ្រូក ១៥០០រៀល គោ ក្របី ២០០០រៀល ការបង់លុយផ្សេងៗថែមទៀតអោយសួរទៅលោក ចាន់ បញ្ញាវ័ន្ដ ហើយការងារយកភាស៊ីសត្តឃាតសួរទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញាវត្ថុទៅមិនពាក់ព័ន្ធមន្ទីរកសិកម្មទេ ។

លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបុសព្យាបាល ខេត្តកំពង់ធំ បានប្រាប់ក្នុងកិច្ចសម្ភាសដោយឆ្លើយបដិសេធន៍ ការចោតប្រកាន់ខាងលើ ថា​នេះជារឿងមិនពិតទេ ព្រោះលោកបានធ្វើនោះគឺត្រឹមត្រូវតាមច្បាប់ តែអ្វីដែលបានចោតប្រកាន់នោះ សុំអោយសួរទៅ​លោ លោក ម៉ក់ យុទ្ធនា អនុប្រធានមន្ទីរកសិកម្ម។

លោក ម៉ក់ យុទ្ធនា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឆ្លើយក្នុងកិច្ចសម្ភាសទាំងកម្រោលចូលថា កុំមកសម្ភាស​លោកអី លោកមិនឆ្លើយទេ លុះត្រាតែមានបញ្ជាពីលោកប្រធានមន្ទីរ ទើបលោកអាចឆ្លើយតបបាន ព្រោះអីធ្វើការមានមេ មានកោយ មិនត្រូវសម្ភាសន៍ ផ្ដេសផ្ដាសនោះទេ ។

យោងតាមសំដីអាជីវករ ពិឃាតសត្វគោ ក្របី ជ្រូក និងអាជីវករដឹកជញ្ជូនសត្វគោ ក្របី ជ្រូក រស់នៅក្នុងខេត្តកំពង់ធំ បានសំណូមពរឲ្យ លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេស លោកឱម យិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះនៅក្នុងការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំផង ដើម្បីបំបាត់អំពើពុករលួយ ៕ ប៊ុន រិទ្ធី


ចែករំលែក៖