ព័ត៌មានទាន់ហេតុការណ៍៖

លេងល្បែងស្នេហារហូតមានផ្ទៃពោះសុំលុយសង្សារពន្លូតចេញមិនបាននាងធ្វើអត្តឃាត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បាត់ពីផ្ទះច្រើនថ្ងៃក្រុមគ្រួសារតាមរកមិនឃើញ លុះដល់ឃើញ ហួសពេលអស់ទៅហើយ អ្វីៗត្រូវបានបញ្ជប់ ដោយនាងជ្រើសយកវិធីធ្វើអត្តឃាត ចោលក្រុមគ្រួសារ និងបុរសជាទីស្រលាញ់របស់នាងរហូតដល់ស្អុយរលួយ ។ មូលហេតុនៃការធ្វើអត្តឃាតនេះ ត្រូវបានដឹងថា ដោយសារតែនាងខឹងសង្សាររឿងសុំលុយចំនួន១០ម៉ឺនរៀល ទៅយកកូនចេញពីក្នុងផ្ទៃ ដែលជាតំណក់ឈាមរបស់សង្សារនាងមិនបាន ។

ករណីភ្ញាក់ផ្អើលប្រទះឃើញសពបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខាងក្រោយផ្ទះរបស់នារីរងគ្រោះចម្ងាយ៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះឡេង ឈន អាយុ១៧ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ ។

ចំណែកសង្សាររបស់នាងមិនមានប្រភពមួយណាអះអាងថា មានឈ្មោះអ្វីហើយរស់នៅទីណានោះទេ ។

ប្រភពពីនគរបាលបានឲ្យដឹងថា បើតាមរបស់សាច់ញាតិនារីរងគ្រោះ បានរៀបរាប់ថា មួយរយះពេលចុងក្រោយនេះ គេសង្កេតឃើញនាងចេះតែមានអការក្អូតចង្អោ ទឹកមុខស្លេកស្លាំងខ្លាំង មិនសូវនិយាយស្តីអ្វីទាំងអស់ជាមួយបងប្អូនក្នុងផ្ទះ ។

ស្រាប់តែល្ងាចថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នាងបានបាត់បីផ្ទះ បើទោះជាក្រុមគ្រួសារ នាំគ្នាដើររកយ៉ាងណាក៏មិនឃើញ។ ពេលនោះម្នាក់ៗនឹកស្មានថា នាងអាចរត់តាមប្រុសណាម្នាក់ ដែលនាងពេញចិត្តបាត់ទៅហើយ។ លុះរំលងបាន៣ថ្ងៃមានក្លិនស្អុយចម្លែកឆួលមកពីក្រោយផ្ទះ ទើបបងប្អូនបាននាំគ្នាទៅរកមើល និងបានប្រទះឃើញសពរបស់នាងយួរស្តោកនៅលើដើមកំប៉េះ មានសភាពហើមស្អុយទៅហើយ។

ដោយឡែកបើតាមប្រភពមួយទៀតបានបង្ហើបឲ្យដឹងថា បានជារូបនាងដាច់ចិត្តចងកសម្លាប់ខ្លួននោះ អាចបណ្តាលមកពីនាងខឹងជាមួយសង្សារបណ្តូលចិត្តក្បត់ចិត្តនាង ទៅលួចមានស្រីថ្មី ហើយនាងបានសុំលុយសង្សារចំនួនតែ១០ម៉ឺនរៀលប៉ុណ្ណោះ ដើម្បីយកកូននៅក្នុងផ្ទៃរបស់នាងចេញកុំឲ្យដឹងដល់សាច់ញាតិក្រុមគ្រួសារ និងខ្មាស់អ្នកជិតខាង ប៉ុន្តែសង្សារនាងមិនឲ្យ នាងក៏សម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តង ។

ក្រោយមកសាច់ញាតិបានរាយការណ៍ទៅនគរបាលជំនាញចុះពិនិត្យ ហើយការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា នាងពិតជាស្លាប់ដោយសារតែចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយយកក្រមាចងកសម្លាប់ខ្លួន ឯងប្រាកដមែន។ ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

អ្នកភូមិផងរបងជាមួយ ដែលដឹងរឿងបានសម្តែងការហួសចិត្តគ្រប់ៗគ្នា និងនឹកអាណិតនាងជាពន់ពេក មិនគួរណាគិតខ្លីជ្រើសរើសយកផ្លូវបញ្ចប់ជីវិតមកដោះស្រាយបញ្ហាបែបនេះសោះ ៕ សេនាស័ក្តិ


ចែករំលែក៖