ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ២នាក់បានស្លាប់នៅនឹងកន្លែង និងចំនួន ២០នាក់ផ្សេងទៀតបានរងរបួសស្រាលធ្ងន់ជាបន្តបន្ទាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យសែនចូលឆ្នាំប្រពៃណីចិន នៅខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននានានៅកន្លែងកើតហេតុក៏ដូចជាអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺថ្ងៃសុក្រដល់ថ្ងៃច័ន្ទ ២កើតដល់៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៥.១៦.១៧.១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងឱកាសបុណ្យសែនចូលឆ្នាំប្រពៃណីចិន នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០៧លើកបានកើតឡើង បណ្ដាលឲ្យមានមនុស្សក្មេងចាស់ស្រីប្រុសចំនួន ២នាក់បានស្លាប់ និងចំនួន ២០នាក់ផ្សេងទៀតបានរបួសធ្ងន់ស្រាល។
ប្រភពព័ត៌មានខាងលើបន្តថា នៅលើកំណាត់ផ្លូវជាតិលេខ៥ នៃស្រុកបាកានមានចំនួន ០១ករណី ដោយជិះម៉ូតូបុកឃឿនថ្មរបួស(ធ្ងន់)ម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែរនោះ ក្រុងពោធិ៍សាត់ ក៏មានចំនួន ០៣ករណីផងដែរ ដោយជិះម៉ូតូបុកហ្វូងសត្វគោ.បើករថយន្តបុកអ្នកជិះម៉ូតូ.បើករថយន្តធុនធំបុកបង្កាន់ស្ពាន បណ្ដាលឲ្យស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាលចំនួន ១៤នាក់ ដោយឡែក៖ នៅស្រុកក្រគរឯនេះវិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ដដែល និងនៅលើកំណាត់លំក្រាលគ្រួសក្រហមមានចំនួន ០៣ករណីបន្ថែនទៀត ដោយបើករថយន្តបុកអ្នកជិះម៉ូតូចំនួន ០២លើក និងជិះម៉ូតូដួលបោកផ្ទប់នឹងថ្នល់ខ្លួនឯងចំនួន ០១ករណី បណ្ដាលឲ្យ(ស្លាប់)ម្នាក់ និងរបួសធ្ងន់ចំនួន ០៥នាក់ ដូច្នេះសរុបទាំងចំនួន ០៧ករណីបណ្ដាលឲ្យមានមនុស្ស(ស្លាប់ចំនួន ២នាក់) និងរបួសបាក់ភ្លៅ.បែកក្បាលធ្ងន់.ស្រាលចំនួន(២០នាក់)ផងដែរ។
ប្រភពដដែលបន្តទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ខាងលើ មន្រ្តីនគរបាលជំនាញសណ្ដាប់ធ្នាប់កំពុងញាប់ដៃញាប់ជើង បន្តនីតិវិធីតាមបច្ចេកទេស និងជំនាញរបស់ខ្លួនដើម្បីដោះស្រាយ ៕ ប៉ឹម ពិន