ខេត្តកំពត៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែផល្គុន ព.ស២៥៦១ ត្រូវថ្ងៃទី១៨ ខែកម្ភៈឆ្នាំ ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត យសមន្ត្រី ហៅវត្តថ្មី ស្ថិតក្នុងភូមិឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យខេត្តកំពត។
ពិធីនេះក៏មានវត្តមានយាង និងអញ្ជើញចូលរួម ពីសំណាក់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ប៊ួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត លោក អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រតិភូអមដំណើរ លោកបណ្ឌិត និងមន្ត្រីរាជការ ប្រជាពលរដ្ឋផងដែរ។
នៅក្នុងសុន្ទរកថាស្វាគមន៍លោក កឹម បូណា អភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ បានអោយដឹងអំពីប្រវត្តិព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្ត យសមន្ត្រី ដែលត្រូវធ្វើពិធីសម្ពោធនាពេលនេះ គឺសរុបអស់ថវិកាចំនួនជាង ៣១៨.៧៣៦ ដុល្លារ។
សមិទ្ធផលទាំងនេះផ្ដើមកសាងឡើងពី ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ មានការចូលរួមពីព្រះសង្ឃ អាចារ្យគណៈកម្មការវត្តពុទ្ធបរិស័ទ និងសប្បុរសជនក្នុង និងក្រៅប្រទេស។
លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានចាត់ទុកព្រះវិហារ និងសមិទ្ធផលនានា ដែលធ្វើពិធីសម្ពោធនៅក្នុងវត្ត យសមន្រ្តី នាពេលនេះ គឺពិតជាបានរួមចំណែកក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត ដើម្បីជាការឆ្លើយ តបបម្រើអោយវិស័យពុទ្ធចក្រក្នុងខេត្តកំពត។
លោក អភិបាលខេត្តក៏បានថ្លែងអំណរគុណ និងកោត សរសើរចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែបានអញ្ជើញចុះជួបជាមួយប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស ពិសេសក្នុងខេត្តកំពត ដើម្បីរួមសុខទុក្ខស្វែងយល់ពីការលំបាកខ្វះខាត និងដោះស្រាយសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋជាប្រចាំ។ សកម្មភាព និងកាយវិការប្រកប ដោយសុឆន្ទៈ និងទំនួលខុសត្រូវទាំងនេះបានសបញ្ជាក់អោយឃើញនូវកិច្ចខិតខំប្រឹងប្រែង នៅក្នុងស្រទាប់យុវវ័យសក្តិសមជាទំពាំងស្នងឬស្សី ប្រកបដោយគុណភាពខ្ពស់សម្រាប់ការបន្តថែរក្សា សន្តិភាព និងការអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាទីស្រឡាញ់នៃយើង។
មានប្រសាសន៍សំណេះសំណាល លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាពលរដ្ឋ និងបានថ្លែងការកោតសរសើរចំពោះព្រះសង្ឃ អាចារ្យ គណៈ កម្មការវត្ត ពុទ្ធបរិស័ទ សប្បុរសជន រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការសាមគ្គីគ្នា ក្នុងការរួមចំណែកកសាងនូវសមិទ្ធផលក្នុងទីអារាមវត្តនេះឡើងជាមួយរាជរដ្ឋា ភិបាល ដើម្បីជ្រោងខ្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនៅកម្ពុជាអោយបានកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើក
ឡើងអំពីបរិបទអំណោយផលនៃប្រទេសជាតិនាបច្ចុប្បន្នដែលកំពុងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍យ៉ាងខ្លាំក្លាលើផ្ទៃប្រទេស ។ ហើយសមិទ្ធផលទាំងអស់នោះគឺសុទ្ធសឹងបានកើតចេញពីអំណោយផលនៃសន្តិភាពយ៉ាងពិតប្រាកដ តាមរយៈយុទ្ធសាស្ត្រឈ្នះៗក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយមើលឃើញពីសច្ចភាពនេះហើយ គណបក្សប្រជាជនកម្ពុជា នៅតែបន្តទទួលបានជ័យជំនៈដោយមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាភាគច្រើនបំផុត ដែលនៅតែស្រឡាញ់ ជឿជាក់ និងផ្ដល់ទំនុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី៕ ហេង សូរិយា