ភ្នំពេញ៖ បុរសម្នាក់បានលង់ទឹកប្រឡាយស្លាប់ចោលប្រពន្ធនិងកូនយ៉ាងអាណោចអាធ័មនៅក្នុងបរិវេណបុរីលឹមឈាងហាក់ មានទីតាំងនៅជាប់ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ជនរងគ្រោះឈ្មោះ សូ សាវឿន ភេទ ប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មករធ្វើផ្លូវ ស្នាក់នៅការដ្ឋានសាងសង់ ផ្លូវបុរីលឹមឈាងហាក់ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
តាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី ១៨-០២-២០១៨ ម៉ោង១៦និង៤០នាទី ជនរងគ្រោះបានផឹកស្រាបន្តិចបន្តួច រួចក៏យក មងទៅរាយនៅក្នុងប្រឡាយទឹក នៅក្នុងបុរីលឹមឈាងហាក់ ស្រាប់តែជនរងគ្រោះលង់ទឹកប្រកាច់ ពេលនោះប្រពន្ធជនរង គ្រោះដើរទៅឃើញ ស្មានតែប្តីធ្វើលេង ក៏មិនជួយ រួចជនរងគ្រោះក៏លិចចុះទៅក្រោមបាត់ បន្តិចក្រោយមកប្រពន្ធជនរង គ្រោះក៏ស្រែកឲ្យគេជួយ រួចក៏នាំគ្នាចុះស្រង់យកជនរងគ្រោះមកលើគោក ធ្វើចលនាបេះដូង តែជនរងគ្រោះបានស្លាប់ ទៅហើយ។
តាមការពិនិត្យរបស់សមត្ថកិច្ច ជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រឡាយ។
បច្ចុប្បន្ន សពដម្កល់ទុកនៅវត្តវាលស្បូវ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សណ្តោស