ខេត្តក្រចេះ៖ សមត្ថកិច្ចបានរកសពសិស្សសាលា២នាក់ ដែលបាត់ខ្លួនក្នុងករណីលិចទូកនៅទន្លេមេគង្គស្រុកឆ្លូងនោះឃើញហើយ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។ សាកសពជនរងគ្រោះបានអណ្តែតទៅក្បែរច្រាំងទន្លេនៅក្នុងភូមិហាន់ជ័យ ។
សាកសពយុវសិស្សទាំងពីរនាក់ ឈ្មោះ រឿន សុធារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ និងទី២-ឈ្មោះ វ៉ាន់ ពុទ្ធនិរន្ទ៍ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូងស្រុកឆ្លូងខេត្តក្រចេះជាមួយគ្នា ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។
យុវសិស្សទាំងពីរនាក់បានបាត់ខ្លួនក្នុងហេតុការណ៍លិចទុកនេះ តាំងពីវេលាម៉ោង១៥និង៣០នាទីថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។
សិស្សសាលាវិទ្យាល័យសិលាវេទី គាត ឈន់ ចំនួន២នាក់នេះ ក្នុងចំណោម៨នាក់ បានបាត់ខ្លួនក្នុងហេតុកាណ៍នោះនៅទន្លេមេគង្គ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
កើតឡើងនៅចំងាយប្រមាណជា១០០ម៉ែត្រពីចំណុចច្រាំងទន្លេស្ថិតក្នុងភូមិហាន់ជ័យ ទី២ ឃុំហាន់ជ័យ ស្រុកឆ្លូងខេត្តក្រចេះ ៕ ជីវន្ត