ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយបណ្តាលឲ្យដួលផ្លោងបោកក្បាលនឹងចិញ្ចើម ផ្លូវកាលពីវេលាម៉ោង៩និង៣០នាទីយប់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំនុចមុខ មជ្ឈមណ្ឌលម៉ូឌែន២ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មានឈ្មោះ ថា សីហា អាយុ១៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាក ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី០១៥ មានស្លាកលេខ កណ្តាល 1S.9032 ជិះតាមបណ្តោយផ្លូវជាតិ លេខ២ទិសដៅពីត្បូងទៅជើង ខណៈមកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមកពីក្រោយ បើកយ៉ាងលឿន ក៏រេចង្កូតមកស្តាំបុកម៉ូតូដាច់កន្ទុយ ចំណែកមនុស្សខ្ទាតទៅលើចិញ្ចែមផ្លូវបោកក្បាលបែកចេញឈាមស្រោចពេញខ្លួនរងរបួសធ្ងន់ភ្លាមៗ រថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ តែអកុសលបាន ពាក់កណ្តាលផ្លូវដាច់ខ្យល់ស្លាប់ ហើយក៏ដឹកមកកន្លែងកើតហេតុវិញ ចំណែករថយន្តបានបើករត់បាត់ស្រមោល ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះ មកដល់ហើយក៏ទាក់ទងទៅជំនាញចរាចរណ៏ មកយកម៉ូតូទៅរក្សាទុករង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីយកទៅវិញចំណែកសពប្រគល់ឲ្យក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ សុខាសែនជ័យ