ខេត្តកំពង់ធំ៖ ក្រុមអាជីវករលក់សាច់គោ ក្របី និង សាច់ជ្រូក នៅផ្សារកំពង់ធំ ចំនួន៨នាក់ ក្នុងចំណោមអាជីវករជាច្រើននាក់ បានបញ្ចេញប្រតិកម្មចំពោះអាជ្ញាធរមានសមត្ថកិច្ច ឃុបឃិតគ្នាជាមួយអ្នកលក់ អនាធិបតេយ្យតាមដងផ្លូវ និងថាការប្រតិកម្មតខាងលើនេះបានកើតឡើងជាច្រើនលើកមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយសមស្របណាមួយ ដែលក្រុមអាជីវករលក់ក្នុងផ្សារអាចទទួលយកបាននោះឡើយ ។
ក្រុមអាជីករ លក់សាច់ គោ ក្របី ជ្រូក នៅផ្សារកំពង់ធំតែងតែត្អូញត្អែរថា ពួកគាត់លក់មិនដាច់ដោយសារអាជ្ញាធរក្រុងស្ទឹងសែន និងមន្រ្ដីពេទ្យសត្វខេត្តឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ឲ្យមាន អ្នកលក់សាច់គោ ក្របី ជ្រូក តាមដងផ្លូវយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវជាតិលេខ ៦A , កាប់នៅតាមផ្ទះគ្មានឆ្លងការពិនិត្យពីពេទ្យសត្វ ពេលខ្លះកាប់គោ ក្របីមានជំងឺ និងងាប់ យកមកលក់ក្នុងតំលៃថោក, បំបាត់ចំណូលរដ្ន ធ្វើឲ្យខូចហាងឆេង ដោយសារពួកគេទាំងនោះ មិនបានបង់សព្វគ្រប់ដូចពួកខ្ញុំ(អាជីវករ)នោះទេ។
ប្រភពបន្តថា ចំណែកពួកខ្ញុំ(អាជីវករ)បានទិញតូបនៅក្នុងផ្សារអស់រាបម៉ឺនដុល្លារ និងបង់លុយឲ្យពេទ្យសត្វ និងប៉ូលិសក្នុង១ក្បាល១៧.០០០រៀល និងបង់សត្វឃាត៨៥០០រៀលទៀតហើយ លក់មិនដាច់ដូច្នេះពួកខ្ញុំសុំសំណូមពរឲ្យអាជ្ញាធរក្រុងស្ទឹងសែន ព្រមទាំង លោកអភិបាលខេត្តកំពង់ធំ ជួយលុបបំបាត់ចោលការលក់ដូរសាច់គោ ក្របី ជ្រូកនៅតាមដងផ្លូវហើយឲ្យចូលមកលក់នៅក្នុងផ្សារវិញ ។
លោកចាន់ បញ្ញាវ័ន្ដ ពេទ្យសត្វខេត្តកំពង់ធំ បានប្រាប់ក្នុងកិច្ចសម្ភាសថា លោកមិនអាចបញ្ឈប់ អ្នកលក់ សាច់ គោ ក្របី តាមផ្លូវបានទេ គ្រាន់តែជួយចេញសេចក្ដីណែនាំក្នុងការលក់ដូរ ឲ្យមាន អនាម័យ និងសណ្ដាប់ធ្នាប់តែប៉ុណ្ណោះ តែបើចង់បន្ទោស គឺបន្ទោសអាជ្ញាធរទៅ ព្រោះអាជ្ញាធរជាអ្នកឲ្យលក់ ៕ ប៊ុន រិទ្ធី