ព័ត៌មានទាន់ហេតុការណ៍៖

ឡាន​បែន​ដឹក​ដី​​ចុះចំណោត​លឿន​ខ្លាំង​ហ្វ្រាំង​មិន​ស៊ី​បុក​ទ្រូងផ្លូវ​ តៃកុង​លោត​ចុះ​បោកចូលប្រឡាយទឹកស្លាប់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ មន្ត្រី ​នគរបាល ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​៖ នៅ​​ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨​ វេលាម៉ោង​១៥និង៣០​នាទី​ លើ​វិថី​ផែ​​ ចំណោត​ លោក​យាយ​ម៉ៅ​ ស្ថិតនៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយខ្លួនឯង​ រថយន្ត​បែន​ដឹកដី​ខ្សាច់​​១គ្រឿង​ម៉ាក ​HYUNDAI​ ពណ៌​ស​ ពាក់ផ្លាកលេខ ​ស្វាយរៀង ​3A-0384​ បើកបរ ដោយឈ្មោះ វិបុល កុសល អាយុ25ឆ្នាំ បច្ចុប្បន្នរស់នៅ ឃុំកំពេញ ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ (ស្លាប់) មាន ​ទិសដៅពី​ឃ្លាំង​លើ​ ឆ្ពោះមក​កែងរ៉ា​ ដល់ចំណុចខាងលើ​ ផ្លូវ​ចុះចំណោត​ខ្លាំង​ ហ្វ្រាំង​មិន​ជាប់​ រថយន្ត​ក៏បាន​រេចង្កូត​មក​ខាង​ឆ្វេងបុកនឹង​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​ ពេល​នោះ​ អ្នក​បើកបរ​ បាន​លោត​ចេញ​ពី​ក្នុង​រថយន្ត​ធ្លាក់ចូល​ប្រឡាយ​ទឹក​ចិញ្ចើម​ថ្នល់ បណ្តាល​ឲ្យ​បោក​ក្បាលស្លាប់ នៅ​នឹង​កន្លែង​កើតហេតុ​។

ចំណែកសាកសពត្រូវបាន សមត្តកិច្ចដឹក​​ ទៅ​តំកល់​ទុក​នៅ​វត្ត​ឥន្ទញ្ញាណ​ ហៅ​ វត្ត​ក្រោម​ ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​ មក​ទទួល​យក​ទៅ​ធ្វើបុណ្យ​។ ​ចំណែករថយន្ត​គ្រោះ​ថ្នាក់​នេះ​ សមត្ថកិច្ច​កំពុង​ចាត់ចែង​ស្ទូច​យកទៅរក្សាទុកនៅការិយាល័យផ្លូវគោក ៕ ឆ្លាម សមុទ្រ


ចែករំលែក៖