ប្រភពពីប្រជានេសាទក្នុងតំបន់បឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា រយៈពេល២ខែកន្លងទៅនេះឈ្មួញឈ្មោះ យីម ដែលមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល កំពុងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទ្រង់ទ្រាយធំបំផ្លាញធនធានមច្ឆជាតិយ៉ាងពេញបន្ទុក។ ការដែលឈ្មួញឈ្មោះ យីម អាចប្រើប្រាស់ឧបករណ៍ខុសច្បាប់តាមអំពើចិត្ត គឺមានការបើកដៃពីសំណាក់លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង និងលោក ហុក ម៉ន់ នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង។
សេចក្ដីរាយការណ៍ពីប្រជានេសាទក្នុងឃុំពាងបាង បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ប្រភេទរបាំងសាច់អួនក្រឡាញឹក និងរបាំងស្បៃមុង ព្រមទាំងឧបករណ៍ផ្សេងៗទៀតកំពុងកើតឡើងយ៉ាងរាលដាលនៅចំណុចខ្វែងតាសូរ ចំណុចទឹកថ្លា និងចំណុចបឹងព្រលឹត។ ជុំវិញបញ្ហានេះសមត្ថកិច្ចតូចតាចក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងអនាធិបតេយ្យ។ សូម្បីតែលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ក្នុងខណៈដែលបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបខេត្តកំពង់ធំ កំពុងតែបន្តកើតឡើងឥតឈប់ឈរនិងមានសភាពកាន់តែខ្លាំងជាងមុន។
ប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា កន្លងមកសមត្ថកិច្ចចម្រុះដែលមានការចូលរួមពីមន្ត្រីសាលាខេត្តកំពង់ធំ ផងនោះបង្ក្រាបតែបទល្មើសតូចតាច ហើយបណ្ដោយឲ្យបទល្មើសធំៗកើតឡើងយ៉ាងពេញបន្ទុក។ អាចនិយាយបានថា ការបង្ក្រាបបទល្មើសនេសាទក្នុងខេត្តកំពង់ធំ នាពេលកន្លងមកគឺជារឿងឥតន័យព្រោះគេបង្ក្រាបតែបទល្មើសតូចតាច ហើយមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសកើតឡើងយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍។
គួររំលឹកដែរថាថ្មីៗកន្លងទៅនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានចេញបទបញ្ជាតឹងតែងដោយព្រមានដកហូតតំណែងអភិបាលខេត្តទាំងឡាយណាដែលបណ្ដោយឲ្យបទល្មើសនេសាទកើតឡើងច្រើនជាងគេ។ ក៏ប៉ុន្តែមកដល់ពេលនេះមិនទាន់ឃើញក្រសួងមហាផ្ទៃ ចាត់វិធានការដកហូតតំណែកលោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅឡើយទេបើទោះបីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប នៃស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ កើតឡើងយ៉ាងអនាធិបតេយ្យក៏ដោយ។ ប្រការនេះហើយដែលធ្វើឲ្យបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប ខេត្តកំពង់ធំ នៅតែកើតឡើងយ៉ាងពេញបន្ទុកដដែល៕