(កំពង់ចាម)៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ដែលបានចូលមកស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ (គ្មានលិខិតឆ្លង) ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះដើម្បីបំពេញបែបបទនិតិវិធីបញ្ជូនទៅកាន់ប្រទេសកំណើតវិញ។
ស្នងការស្នងការ នគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងនគរការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ABD LATIF BIN HASSAN ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី ពីបទស្នាក់នៅដោយខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ស្ថិតនៅចំណុច ភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
នគរបាលបានបញ្ជា្កក់ថា ក្រោយពីឃាត់ខ្លួនជនជាតិម៉ាឡេស៊ីខាងលើ នគរបាលរិយាល័យស៊ើបអង្កេត បានបញ្ជូនខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីចាត់ការបន្ត និងបំពេញបែបបទបញ្ជូនទៅកាន់ប្រទេសកំណើតវិញ៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក