ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងនាំយកអំណោយសប្បុរសជនប្រគល់ជូនដល់គ្រួសារជំងឺ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្នុងរយៈពេល១០ថ្ងៃ ក្រុមអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង បាននាំយកថវិការបស់សប្បុរសជន ក៏ដូចជាអ្នកសារព័ត៌មានគ្រប់អង្គភាព ដែលបានចែករំលែកថវិកាផ្ទាល់ខ្លួនជូនដល់ស្ត្រីអ្នកមានជំងឺមហារីក ជីវភាពខ្វះខាត និងអ្នកសារព័ត៌មាន ដែលមានជំងឺបានចំនួន៣លើកក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ។

យោងតាមលោក យឹម សុថាន ភ្នាក់ងារកាសែតនគរវត្ត ប្រចាំខេត្តស្វាយរៀងបានឲ្យដឹងថា ដោយមើលឃើញពីទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀងមានការខ្វះខាត និងមានជំងឺផង ទើបក្រុមការងារបានទៅថតផ្ដិតយករូបភាពដល់ផ្ទះរបស់ពួកគាត់ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណ:តាមរយះទូរទស្សន៏ ក៏ដូចជាដាក់កាសែតអំពាវនាវរកសប្បុរសជនជួយឧបត្ថមតាមលទ្ធភាពវប្បធម៌ចែករំលែក ទោះបីតិចក្ដីច្រើនក្ដី ក៏ជាចិត្តសប្បុរសរបស់គាត់ផងដែរ ។

លោក យឹម សុថាន បន្តថា បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ កាសែត និងគេហទំព័រ ព័ត៌មានរួចមក ក៏មានសប្បុរសជនជាច្រើនមានចិត្តអាណិតអាសូរដល់អ្នកជំងឺជាប្រជាពលរដ្ឋ ក៏ដូចជាគ្រួសារអ្នកសារព័ត៌មានក្នុងខេត្ត បានកៀងគរគ្នាដើម្បីជួយសម្រួលក្នុងជីវភាពរស់នៅបានមួយកម្រិតក្នុងការព្យាបាលជំងឺផងដែរ ។

លោកបន្តថា ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តបាននាំយកអំណោយ ក៏ដូចជាថវិការបស់សប្បុរសជនជាច្រើននាក់ និងក្រុមការងារជួយឧបត្ថម្ភបានចំនួន៣លើក មាន៣គ្រួសារ មានភូមិព្រៃឆ្លាក់ ភូមិរោងបន្លែ ភូមិស្វាត ក្នុងក្រុងស្វាយរៀង ។

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នោះទៀតសោត តំណាងក្រុមអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀង ក៏បានយកអំណោយជាថវិការបស់សប្បុរសជន និងអ្នកព័ត៌មានមួយចំនួនទៅប្រគល់ជូនភរិយាលោក វ៉ាន់ ប៊ុនធឿន អ្នកយកព័ត៌មានកាសែតកោះសន្តិភាព ដែលមានជំងឺ និងលោក ថត ភារះ សហការីទូរទស្សន៍ប៉ុស្តិ៍លេខ៩ ដែលមានជំងឺបេះដូង និងលើសឈាមផងដែរ ៕


ចែករំលែក៖