ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកផ្ញើរថយន្ត២៤ម៉ោង ច្រឡំជាន់ហ្គែខ្លាំង ជ្រុលទៅបុកម៉ូតូ៣គ្រឿងនិងរថយន្តមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូ៣គ្រឿងនិងរថយន្តមួយគ្រឿង បានរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីបុរសម្នាក់ ជាបុគ្គលិកធ្វើការនៅកន្លែងផ្ញើថយន្ត២៤ម៉ោង បានបើករថយន្តថយក្រោយមិនប្រយ័ត្ន ក៏ច្រឡំជាន់ហ្គែខ្លាំង ជ្រុលទៅបុកទាំងកំរោលតែម្តង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៦៣ ម្តុំផ្សាស៊ីលិប សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នារីម្នាក់ជាម្ចាស់រថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-0132 បានយករថយន្តមកផ្ញើ ដល់ពេលម្ចាស់រថយន្តមកយករថយន្តវិញ បានឲ្យអ្នកផ្ញើយ៉ែចេញ ដល់ពេលរយ៉ែមក ក៏ជ្រុលជើងជាន់ហ្គែជ្រុលទៅបុកម៉ូតូ៣គ្រឿងមិនចាំម៉ាក ត្រូវខាងភាគីរថយន្តកាមរី ដោះស្រាយឲ្យហើយក៏ជិះចេញទៅបាត់ ហើយក៏ជ្រុលទៅបុករថយន្តម៉ាកហាយឡាក់វីហ្គូមួយគ្រឿងទៀត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-9189 បណ្តាលឲ្យរងការខូចខាតទ្វារថយន្ត។ រីឯរថយន្តកាមេរីនោះរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។

ក្រោយពេលកើតហេតុក៏ឲ្យសមត្ថកិច្ចមកវាស់វែងយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំម្ចាស់ចូលមក ដោះស្រាយទៅតាមនិតិវិធី ៕ស តារា


ចែករំលែក៖