ខេត្តព្រះសីហនុ៖ ព័ត៌មានពីមន្ត្រី នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាៈ នៅវេលាម៉ោង ០:១៥ នាទី រំលងអធ្រាត្រឈានចូល ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ មុខកាស៊ីណូប៉ាវទូ ស្ថិតនៅផ្លូវឯករាជ្យ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជនជាតិចិនម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង បានបេីករថយន្ដទៅបុករថយន្តមួយគ្រឿងទៀតដែលចតស្ងៀម បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាត ប៉ុន្តែមនុស្ស បានរួចផុតពីគ្រោះថ្នាក់។
បន្ទាប់មកបុរសជនជាតិចិនរូបនោះ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ដេីម្បីធ្វេីតេស្ដរកជាតិស្រវឹង បានពិនិត្យឃើញមានផ្ទុកជាតិអាល់កុល០,៨៤ml/L ។
ជនជាតិចិនរូបនេះ ឈ្មោះBing Feng ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរបុគ្គលិក កាស៊ីណូដាយមិនស៊ី ។
មុនពេលកើតហេតុ បានផឹកស្រាបៀរ នៅក្នុងហាងមែនឆឺស្ទី បន្ទាប់មក បានបេីករថយន្ត១គ្រឿងម៉ាក LUXES RX 300ពណ៌ស ស្លាកលេខ ព្រះសីហនុ2A-8575 មានគោលបំណងទៅលេងកាស៊ីណូ នៅម្តុំតោពីរ លុះដល់ចំណុចខាងលើ ក៏បានជ្រុលចង្កូតទៅបុក នឹងរថយន្ត១គ្រឿង ម៉ាក COROLLA ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ2C-7622 ដែលចតទុកនៅមុខផ្ទះ បណ្តាលឲ្យរថយន្ដទាំងពីរគ្រឿងរងការខូចខាតកំរិតធ្ងន់ ប៉ុន្តែ ពុំមានអ្នករងរបួសឡើយ ។
អ្នកបើករថយន្តជនជាតិចិន ត្រូវបានសមត្ថកិច្ច នាំខ្លួនមកកាន់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីតាមនីតិវិធី ។
រថយន្ត ២គ្រឿង ខូចខាតកម្រិតធ្ងន់ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ ឆ្លាម សមុទ្រ