ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានសម្រចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយចងកនៅក្នុងផ្ទះចោលប្រពន្ធ និងកូន បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបុរសដែលធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះ ស ប៊ុនជាង ភេទ ប្រុស អាយុ ៦៧ ឆ្នាំ មានទីលំនៅភូមិ ឃុំ ខាងលើ ។
ក្រុមគ្រួសារបានប្រាប់ឲ្យដឹងថា បុរសដែលធ្វើអត្តឃាតនេះ មានជំងឺច្រើនមុខណាស់ ហើយគាត់បានឈឺជាយូរណាស់ហើយ ក្រុមគ្រួសារបានមើលថែជាច្រើនដែរហើយ ។ កាលពីប៉ុន្មានថ្ងៃមុន បុរសរូបនេះបាននិយាយថា ធុញណាស់ជំងឺច្រើនមុខម្ល៉េះ ចង់តែស្លាប់ ឲ្យផុតពីលោកនេះទេ ។
ក្រុមគ្រួសារបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ គ្មានមនុស្សនៅផ្ទះនោះទេ បានចេញទៅក្រៅអស់ ស្រាប់តែមកវិញ មិនឃើញបុរសរូបនេះ ហើយមានការងឿងឆ្ងល់ នាំគ្នាដើរ រក ក៏ប្រទះឃើញសពបុរសរូបនេះបានចងកទៅនឹងរតផ្ទះស្លាប់បាត់ទៅហើយ ។ ឃើញដូចនេះ ក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យសាកសពផងដែរ ។
បន្ទាប់ពីធ្វើកោសល្យវិច័យតាមបច្ចេកទេសរបស់សមត្ថកិច្ចរួចមកបានសន្និដ្ឋានថា ការស្លាប់របស់បុរសខាងលើនេះ ពិតជាបានធ្វើអត្តឃាតខ្លួន ដោយចងកទៅនឹងរតផ្ទះពិតប្រាកដមែន ។ ក្រោយពីពិនិត្យរួចរាល់សមត្ថកិច្ចបានប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ចន្ថា