ខេត្តពោធិ៍សាត់៖ កម្លាំងប្រជាការពារភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ព័ទចាប់បានលោកឪម្នាក់ភ្លាមៗក្រោយពីបានប្រើហិង្សាលើកូនស្រីបណ្ដាលឲ្យមានរបួសស្នាម ខណៈលោកឪប្រមឹករូបនេះផឹកស្រាសស្រវឹងស្រឿងៗ ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៧ និង៤៩នាទីយប់ ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចបាក់ឃ្នង ស្ថិតក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក អនុសេនីយ៍ឯក រ៉ង សុវណ្ណារឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបានឲ្យដឹងថា ជនសង្ស័យជាឪពុកដែលបានជ្រុលដៃបន្តិចនៅក្នុងករណីហិង្សាបណ្ដាលឲ្យកូនស្រីរងរបួស ឈ្មោះ អ៊ុក វ៉ាន់ អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំត្រង់ចំណុច និងភូមិ.ឃុំកើតហេតុខាងលើ ចំណែកកូនស្រីរងរបួសរបស់(ស្រាល)ជនដៃដល់ជាឪពុកឈ្មោះ យ៉ម ស្រីប៉ៃ អាយុ ១១ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ។
លោក នាយរងប៉ុស្តិ៍បន្តទៀតថា អំពើហិង្សាក្នុងគ្រួសារខាងលើនេះ ផ្ដើមពេញពីរឿងផឹកសុីស្រវឹងទើបបណ្ដាលឲ្យកើតឡើង ហើយចំពោះជនសង្ស័យដៃដល់ជាឪពុក និងវត្ថុតាងបាននាំមកបន្តនីតិវិធី នៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីចាត់កាបន្តតាមផ្លូវច្បាប់ ៕ ប៉ឹម ពិន