ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់​ចង់ការប្រាក់ ត្រូវកូនបំណុលមិនសង ហើយ​បោះសម្ដី​មកវិញ​ថា ទៅប្តឹង​ណា​ប្តឹងទៅ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​អ្នករកស៊ី​ចង់ការ​ប្រាក់ បានចាញ់បោក​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់ ដែលជាកូនបំណុលបាន​លួងលោម​ផ្សំគំនិត​មក​ខ្ចីលុយ​អស់​សរុប​ទាំងអស់១៨០០ដុល្លារ ហើយ​ជន​ឆបោក​ទាំង២នាក់​នោះបាន​បោះសម្ដី​ថា «មិន​សង​ទេ ទៅប្តឹង​ណា​ប្តឹងទៅ» ទើបទៅប្តឹងសមត្ថកិច្ច បង្កការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង៩និង៥០នាទី​យប់ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ តាម​បណ្តោយ​ផ្លូវ១១៨ នៅ​ចំណុច​ក្នុង​ប៉ុស្តិ៍​ផ្សារ​ចាស់​ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

ស្រ្តីរងគ្រោះ​ឈ្មោះ ថិ​ន ធា ភេទ​ស្រី អាយុ៣៩ឆ្នាំ មុខរបរ​ជាអ្នកចង់ការប្រាក់ ស្នាក់​នៅផ្ទះ​លេខ​១៨Bo ផ្លូវលេខ១៧ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ បាន​រៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេល​កើតហេតុ នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ មាន​ជន​ឆបោក​ម្នាក់​ឈ្មោះ តាន់ សុខ​ជំនោរ ភេទ​ប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅ​បច្ចុប្បន្ន​នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​ពោន ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​ស្ត្រី​ម្នាក់ទៀត​មានឈ្មោះ សេង លក្ខិណា ភេទ​ស្រី អាយុ៣៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ៥៤៥ឆ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សកែវ ទាំង២នាក់​នេះ គឺ​គាត់​ស្គាល់តៗគ្នា​តាមរយៈ​អ្នករកស៊ី​ចង់ការប្រាក់​ដូចគ្នា ។

លុះ​ពេល​ថ្ងៃកើតហេតុ​ខាងលើនេះ ពួកគេ​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​ដែល​រស់នៅ​ម្តុំ​ផ្សារ​ចាស់​ដើម្បី​ខ្ចីលុយ​ដោយ​ជន​ឆបោក​ខាង​ស្ត្រី​ឈ្មោះ សេង លក្ខិណា នោះបាន​ខ្ចីលុយ​ទាំង​មុន​ទាំងក្រោយ​ចំនួន​សរុប​ទាំងអស់​ចំនួន ៨០០ដុល្លារ មុននឹង​ខ្ចី​មានការ​សន្យាថា «សង​វិញ» ប៉ុន្តែ​យក​អត្តសញ្ញាណប័ណ្ណ រួម​នឹង​សៀវភៅ​គ្រួសារ​យកមក​តម្កល់ទុក​ឲ្យ រួច​ហើយក៏​បុរស​ឈ្មោះ តាន់ សុខ​ជំនោរ ដែល​មកជា​មួយ​ស្ត្រី​ឆបោក​នោះបាន​ខ្ចីលុយ​ទាំង​មុន​ទាំងក្រោយ​ចំនួន​សរុប​ទាំងអស់​ចំនួន ១០០០ដុល្លារ ដោយ​ស្ត្រី​ឆបោក​ដែល​មកជា​មួយ​នោះ​ជា អ្នកធានា​អះអាងថា «នឹង​ចេញសង បើសិន​បុរស​ខាងលើនេះ​មិន​សង គឺ​គាត់​ចេញសង​ជំនួស» ប៉ុន្តែ​ពួកគាត់​ទាំងនោះ​មិនបាន​សង​ទៅតាម​កិច្ចសន្យា​នោះទេ ពេលដែល​ស្ត្រី​រងគ្រោះ​ទៅ​ទារលុយ បែរជា​ស្ត្រី និង​បុរស​ឆបោក​ទាំង២នាក់​នោះ បោះសម្ដី​ដាក់​ម្ចាស់​លុយ​ថា «ចង់ទៅ​ប្តឹង​ណា​ក៏​ទៅ​ប្តឹងទៅ គាត់​គ្មាន​លុយ​សង​នោះទេ» បច្ចុប្បន្ន​ពួកគេ​ទាំង​នោះបាន​រត់ចោល​ផ្ទះសម្បែង​ដែល​ខ្លួន​រស់នៅ​រាល់ថ្ងៃ ។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​គាត់​រៀបចំ​ឯកសារ​ដែល​ពាក់ព័ន្ធ​ដើម្បី​យកទៅ​ប្តឹង​នៅ​តុលាការ ដើម្បី​ចាត់ការ​ជន​ឆបោក​ប្រុស​ស្រី​ទាំង២នាក់នេះ ចាត់ការតាម​នីតិវិធីច្បាប់ ៕ ស តារា


ចែករំលែក៖