ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់មិនប្រយ័ត្ន ជ្រុលបុកម៉ូតូមួយគ្រឿងកៀបជាប់ក្រោមរថយន្ត បណ្ដាលឲ្យស្ត្រីម្នាក់របួសជើងខាងឆ្វេងធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានរងរបួសជើងខាងឆ្វេងធ្ងន់ ខណៈដែលបុរស២នាក់ បើកបររថយន្តកូរ៉េ១គ្រឿងម៉ាកហ៊ីយ៉ានដាយ បត់ស្តាំមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យម៉ូតូកៀបជាប់ក្រោមរថយន្តតែម្តង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលេខ២៧១ កែងនិងផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះបើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN-5578 ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងជើង មកពីម្តុំផ្សារហេងលី ឆ្ពោះទៅមន្ទីពេទ្យព្រះកុសុមះ ។ លុះមកដល់ចំណុចកើតហេតុដែលផ្លូវបំបែកជាកន្លែងកើតហេតុ ស្រាប់តែរថយន្តបង្ក ប្រភេទកូរ៉េមួយគ្រឿង ពណ៌ស ចំណុះ មួយតោនកន្លះ ពាក់ស្លាកលេខ កណ្តាល 2A-3912 បើកបរដោយបុរស២នាក់ ក្នុងទិសដៅស្របគ្នា បានបើកបត់ស្តាំទៅផ្លូវលេខ១៨២ ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូស្រ្តីរងគ្រោះទាំងកំរោល បណ្តាលឲ្យម៉ូតូកៀបជាប់ក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ ។ រីឯស្រ្តីរងគ្រោះជាអ្នកបើកបរម៉ូតូ បណ្ដាលឲ្យរបួសជើងខាងឆ្វេងធ្ងន់ ត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងបានទាក់ទងហៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕ ស តារា


ចែករំលែក៖