ព័ត៌មានទាន់ហេតុការណ៍៖

លួចកាច់សោ.កម៉ូតូបានសម្រេច ត្រូវម្ចាស់ម៉ូតូឃើញស្រែកឆោឡោភ័យ នាំគ្នារត់ចោរម៉ូតូខ្លួនឯងទៀត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានជិះមូ៉តូមួយគ្រឿង មកធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូប្រជាពលរដ្ឋបានសម្រេចហើយប្រុងជិះរត់គេចខ្លួន ក៏ត្រូវម្ចាស់ម៉ូតូឃើញទាន់ រួចក៏ស្រែកឆោឡោ បណ្តាលឲ្យជនសង្ស័យទាំង២នាក់ភ័យស្លន់ស្លោ នាំគ្នារត់ចោរម៉ូតូរបស់ខ្លួននិងម៉ូតូជនរងគ្រោះមួយគ្រឿងទៀតបាត់ស្រមោល បង្កការភ្ញាក់ផ្អើលតែម្តង ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបុរីបឹងសាឡាង ខាងមុខផ្ទះលេខ៣៩ ផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមសម្តីពីបុរសរងគ្រោះសូមមិនបញ្ចេញឈ្មោះ និងជាសន្តិសុខយាមនៅក្នុងបុរីបឹងសាឡាងខាងលើនេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់(ជនរងគ្រោះ)បានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE-9377 មកឈប់ចតចាក់សោ.កទុកចោលនៅកន្លែងកើតហេតុដូចសព្វដង (កន្លែងធ្វើការ)។ ហើយរូបគាត់ក៏បានដើរល្បាតក្នុងបុរីដើម្បីការពារសន្តិសុខ លុះដល់វេលាកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៧ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GM-9575 មកឈប់ក្បែរម៉ូតូរបស់គាត់ ។ បន្ទាប់មកក៏មានជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បានចុះមកធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូរបស់ជនរងគ្រោះបានសម្រេចហើយបម្រុងនឹងជិះរត់គេចខ្លួន តែក៏ត្រូវជនរងគ្រោះឃើញហើយស្រែកឆោឡោនិងបានប្រតាយប្រតប់ជាមួយនិងជនសង្ស័យទាំង២បណ្តាលឲ្យជនសង្ស័យទាំង២នាក់នោះភ័យស្លន់ស្លោក៏ផ្តួលម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូរបស់ជនសង្ស័យមួយគ្រឿងនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនិងបានយកម៉ូតូរបស់ជនសង្ស័យខាងលើទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងធ្វើការសាកសួរ ។ ចំណែកម៉ូតូជនសង្ស័យត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកំណត់មុខសញ្ញានឹងធ្វើការស្រាវជ្រាវរកមុខជនសង្ស័យទាំង២នាក់នោះយកមកដាក់ទោសទៅតាមច្បាប់ ៕ស តារា


ចែករំលែក៖