ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ជូនលោកស្រីឧកញ៉ា សាត ណាវី ដែលត្រូវជាភរិយាអ្នកឧកញ៉ា ដួង ឈីវ ក្រោយអ្នកឧកញ៉ា បានទទួលមរណភាព កាលពីវេលាម៉ោង១៖២៥នាទី រំលងអាធ្រាត្រចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ៧៥ឆ្នាំ។
នៅក្នុងលិខិតរំលែកទុក្ខ សម្តេច សាយ ឈុំ បានថ្លែងថា «ការបាត់បង់រូប អ្នកឧកញ៉ា ដួង ឈីវ គឺជាការបាត់បង់នូវស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ និងជាវីរកុលបុត្យខ្មែរដ៏ឆ្មើមមួយរូប ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងលះបង់គ្រប់បែបយ៉ាងចូលរួមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ។ រូបអ្នកឧកញ៉ា បាត់បង់ទៅក៏ពិតមែន ក៏ប៉ុន្តែកិត្តិយស គំរូវីរៈភាព ភាពអង់អាចក្លាហាន និងសេចក្តីល្អរបស់អ្នកឧកញ៉ា ស្ថិតស្ថេរជានិច្ច ក្នុងដួងចិត្តរបស់លោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី និងបងប្អូនសាច់ញាតិជិតឆ្ងាយ»៕ សហការី