ព័ត៌មានទាន់ហេតុការណ៍៖

អាលីយ៉ាចោទសមត្ថកិច្ចសង្កាត់ថ្វាយដង្គំទទួលសំណូកពីជនបរទេសមិនរកយុត្តិធម៌ឲ្យនាង

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រោយស្ងប់ស្ងាត់បាត់មុខមួយរយៈតារាសម្តែងស្រីល្បីឈ្មោះកញ្ញាអាលីយ៉ាបានស្រែកថានាងបានជួបរឿងអយុត្តិធម៌ជាថ្មី។ អយុត្តិធម៌ព្រោះតែនាងចោទថាមន្ត្រីសមត្ថកិច្ចសង្កាត់ថ្វាយដង្គំនៃខេត្តសៀមរាបរួមគំនិតជាមួយជនបរទេសធ្វើបាប មិនរកយុត្តិធម៌សម្រាប់នាងគ្រាដែលនាងមានបញ្ហាជម្លោះរឿងជួលនិងសេងហាងនៅតំបន់នោះ។

ករណីរងហិង្សាពីសំណាក់បុរសអាណិកជនអាមេរិកកាំងម្នាក់មិនទាំងបានយុត្តិធម៌ផងស្រាប់តែពេលនេះ អាលីយ៉ា បានជួបរឿងថ្មីគឺករណីជម្លោះរឿងហាងនៅខេត្តសៀមរាប។ ថ្លែងពីខេត្តសៀមរាបតារាសម្តែងរូបនេះលើកឡើងថា កាលពីថ្ងៃទី២១ខែកុម្ភៈនេះនាងមានការខ្វែងគំនិតគ្នាជាមួយម្ចាស់ទីតាំងដែលនាងជួលហាងរហូតមានទំនាក់ជាពាក្យសម្តីដោយបុរសជនជាតិបារាំងម្នាក់បានប្រើប្រាស់សម្តីមាក់ងាយ ជេរប្រមាថ និងចង់ប្រើហិង្សាមកលើនាងជាស្ត្រី។ នាងបញ្ជាក់ថា ដើមឡើយរឿងកើតឡើងពីការជួលនឹងសេងហាងនៅផ្លូវសុខសាន្តដែលនាងប្រកបរបរលក់ដូរ សម្លៀកបំពាក់ អាហារ និងភេសជ្ជៈដោយម្ចាស់ហាងចង់សេងបន្តឲ្យនាងប៉ុន្តែនាងនៅមិនទាន់សម្រេចចិត្តទទួលយកព្រោះតែប្រាក់ដែលនាងគ្រោងយកមកសេងនោះនៅមិនទាន់ធ្លាក់ដល់ដៃព្រោះធនាគារយឺតយ៉ាវនៃការទម្លាក់ឲ្យទើបនាងស្នើឲ្យម្ចាស់ហាងពន្យា ម្យ៉ាងនាងក៏នៅមិនទាន់ដល់ថ្ងៃកំណត់នៃការជួលនោះដែរ។

នាងបញ្ជាក់ថា យ៉ាងហោចណាស់នៅពេលជាង១០ថ្ងៃទៀតដែលត្រូវដល់កាលកំណត់ប៉ុន្តែពួកគេ(ជនបរទេស និងបក្សពួក) បាននាំគ្នាមករុះរើសម្ភារៈ ទំនិញរបស់នាងចេញពីហាង បូករួមទាំងការជេរប្រមាថ មាក់ងាយ និងមានបំណងប្រើប្រាស់ហិង្សាមកលើនាង។ នាងបន្តថានាងនិងអ្នកធ្វើការក្នុងហាងសុទ្ធតែជាស្ត្រីហើយរងការគំរាមកំហែងជេរប្រមាថ លុះដល់ពេលស្វែងរកអន្តរាគមន៍ពីសមត្ថកិច្ចមកជួយដោះស្រាយ បែជាសមត្ថកិច្ចនៅតំបន់នោះមកទទួលយកសំណូកពីជនរទេសនោះហើយមិនរវីរវល់រកយុត្តិធម៌សម្រាប់នាងជាជនរងគ្រោះ ហើយករណីនេះបានធ្វើឲ្យនាងឈឺចិត្តជាខ្លាំង។

នាងថាពួកគេមកយកលុយសំណូកនៅនឹងមុខ ហាក់មានចេតនាងបញ្ឈឺចិត្តនាងទើបនឹងទ្រាំនឹងការប្រមាថ និងមាក់ងាយនេះមិនបាន។ នាងថារឿងហាងនោះនាងមានសាក្សី និងភស្តុតាងគ្រប់គ្រាន់ ហើយនាងចង់ស្វែងរកត្រឹមយុត្តិធម៌សម្រាប់ខ្លួនឯង និងកូនចៅដែលត្រូវគេប្រមាថនិងបណ្តេញចេញដោយមិនផ្តល់ដំណឹងទុកមុនយ៉ាងនេះ។

អាលីយ៉ាបញ្ជាក់ដែរថា ការបណ្តេញចេញពីទីតាំងលក់ដូរភ្លាមៗមិនឲ្យដំណឹងមុននេះបានធ្វើឲ្យនាងនិងអ្នកបម្រើការងារនៅទីនោះមិនមានទីកន្លែងទុកដាក់សម្ភារៈ ទីតាំងសម្រាកជាដើម។ នាងរំពឹងថា សមត្ថកិច្ចនៅតំបន់នោះនឹងផ្តល់យុត្តិធម៌ឲ្យនាងទៅតាមច្បាប់ ហើយនាងក៏នឹងបន្តប្តឹងដើម្បីទាមទាររកយុត្តិធម៌ និងការពារខ្លួនពីការប្រើហិង្សាឬអំពើណាមួយពីក្រុមបុរសជនជាតិបារាំងខាងលើនោះដែរ៕ វឌ្ឍនា

 


ចែករំលែក៖