ខេត្តកណ្ដាលៈ ស្រ្ដីម្នាក់ទទួលរងរបួសធ្ងន់ និង២នាក់ទៀតរបួសស្រាល បន្ទាប់ពីបើករថយន្ដបោះពួយយ៉ាងលឿនបែកកង់ បណ្ដាលឲ្យរថយន្ដរេចង្កូតហោះរំលងផ្លូវទៅបុករោងជួសជុលទូរស័ព្ទក្បែរចិញ្ចើមផ្លូវខូចខាតយ៉ាងដំណំ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតក្នុងភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា រថយន្ដម៉ាកកាមរីគូថហើម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2D-54998 បើកបរដោយឈ្មោះ សន សុឃន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ត្រី (រងរបួសស្រាល) រួមដំណើរជាមួយស្រ្ដីម្នាក់ជាប្រពន្ធពុំស្គាល់អត្ដសញ្ញាណ (រងរបួសធ្ងន់) និងកូនម្នាក់ (រងរបួសស្រាល) ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិផ្សារឆ្នាំង ឃុំផ្សារឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាកកាមរីគូថហើម បើកបរឈ្មោះ សន សុឃន និងរួមដំណើរជាមួយគ្នា២នាក់ត្រូវប្រពន្ធកូន ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្ដរបស់ជនរងគ្រោះបែកកង់ រេចង្កូតហោះរំលងផ្លូវជ្រុលទៅបុករោងជួសជ្រុលទូរស័ព្ទដែលនៅក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យស្រ្ដីម្នាក់ដែលជិះក្នុងរថយន្ដទទួលរងរបួសធ្ងន់ រីឯ២នាក់ទៀតរងរបួសស្រាល ។ ចំណែកសម្ភារៈខូចខាតមានរោងលក់ និងជួសជុលទូរសព្ទ័ដៃ ផ្នែកជញ្ជាំងខាងក្រោយ ,គ្រែដេកចំនួន០១ និងខូចខាតរថយន្ដមួយកំណាត់មុខផងដែរ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង៣នាក់ប្ដី ប្រពន្ធ និងកូន ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែករថយន្ដត្រូវបានសមត្ថកិច្ចជំនាញពិនិត្យ និងវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ