ខេត្តឧត្តរមានជ័យ៖ លោកមុត កៅ ភេទប្រុស អាយុ ៥៨ឆ្នាំ អតីតយុទ្ធជន រស់នៅក្នុងជីវភាពក្រលំបាករស់នៅភូមិផ្អុង សង្កាត់កូនក្រាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រពន្ធឈ្មោះ សាន់ ស៊ីនៀត ។ នៅថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨បាននាំក្រុមគ្រួសារ ទៅដាក់ពាក្យប្ដឹង ទៅលើបុគ្គល៧រូប៖ ឈ្មោះអ្នកស្រីវង់ ស៊ីថា មេភូមិផ្អុង,ឈ្មោះ ជា កុយ អាស័យដ្ឋាននៅទី ក្រុងភ្នំពេញ, ឈ្មោះ តារា អាសយ័ដ្ឋាននៅភ្នំពេញ ជាមេការរបស់ឈ្មោះជាកុយ ហើយបួននាក់ផ្សេងទៀតជាប្រជាការពារភូមិ។
លោកមុត កៅ និងគ្រួសារ ប្ដឹងឈ្មោះទាំង៧នាក់ខាងលើ ទៅសាលាដំបូង ផង និងសាលា ខេត្តឧត្តរមានជ័យផង ដោយប្ដឹងចោទពីបទបំភ្លេចបំផ្លាញទ្រព្យសម្បត្តិ និងរំលោភបំពានលើកម្មសិទ្ធិឯកជន។
បើយោងទៅតាមពាក្យបណ្ដឹងលោក មុត កៅ បានចោទថា ឈ្មោះទាំង៧នាក់ខាងលើ បានឃុបឃិតគ្នា រំលោភយកដីស្រែចំការរបស់គាត់ ជាងបួនហិចតា ស្មើនិង៤៧២៩១ម៉ែត្រការ៉េ។និងយកគ្រឿងចក្រប្រភេទអេស្ការម៉ូទរ័ ទៅកាយបំផ្លាញផលដំណាំរួមមាន ដើមស្វាយ២៥០ដើម ដើមភ្ញៀវ+និងដើមសេមាន់១៣ដើម ឫស្សីជាងមួយរយគុម្ភ និងបង្គោលរបង១៥០ ។ល។
លោក មុត កៅ បានឲ្យដឹងថា លោកបានកាន់កាប់ និងអាស្រ័យផលនៅលើដីនេះនៅដើមឆ្នាំ១៩៩៩ និងធ្វើលិខិតផ្ទេរឲ្យប្អូននៅឆ្នាំ២០០៧ ដោយមានការបញ្ជាក់ពីអតីតមេភូមិផ្អុង រហូត ដោយដាំដុះរហូតមកដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ អ្នកស្រី វង់ស៊ីថា មេភូមិ បានចុះហត្ថលេខានៅលើប្លង់ ផែនទីបង្ហាញទីតាំង នៅក្នុងភូមិផ្អុង សង្កាត់កូនគ្រាល ក្រុងសំរោង រហូតមកដល់ថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ បុគ្គលទាំង៧រូបខាងលើ បានយកគ្រឿងចក្រមកធ្វើសកម្មភាពនៅលើដីរបស់គាត់តែម្ដង ។
លោក ជា កុយ បានឲ្យដឹងតាមទូរស័ព្ទថា មុននឹងផ្សាយឲ្យសួរទៅចៅហ្វាយខេត្តសិន សួរចៅហ្វាយក្រុង និងសូរិយោដី ។ លោកបន្តថា លោកមកនេះ មានមានដីកាត្រឹមត្រូវ ឈុសដីរបស់លោក មិនមែនទៅរំលោភដីគេទេ។
អ្នកស្រី វង់ ស៊ីថា មេភូមិផ្អុង បានឲ្យដឹងថា មិនមែនជាដីរបស់ មុត កៅ ទេ គឺដីរបស់ឈ្មោះ ហាត់ ភាព ហើយ ហាត់ ភាពបានលក់បន្ដឲ្យគេផ្សេងយូរហើយ សួរទៅមេភូមិចាស់បានដឹង ។ តែមេភូមិចាស់បានមកផ្ដិតមេដៃធ្វើសាក្សីឲ្យលោក មុត កៅ ដើមបណ្ដឹងវិញ ៕ ប៉ែន នួន