ព័ត៌មានទាន់ហេតុការណ៍៖

ទៅជួយជួសជុលអណ្ដូងស្នប់អ្នកភូមិបែរជាឆក់ខ្សែភ្លើងស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈដែលបុរសម្នាក់ មានការធ្វេសប្រហែសក្នុងការតខ្សែភ្លើងម៉ូទ័រអណ្តូងស្នប់អ្នកភូមិ ដែលខូច ហើយប៉ះមុខតំណខ្សែបណ្ដាលឲ្យឆក់ស្លាប់មិនអាចសង្គ្រោះទាន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យនគរវត្តដឹងថា បុរសដែលឆក់ស្លាប់មានឈ្មោះឆោម ស៊ីថា (ហៅភោះ) អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពបន្តថា មុនពេលកើតហេតុ បុរសរងគ្រោះបានមកលេងផ្ទះឈ្មោះ ម៉ាន ធិន ភេទប្រុស អាយុ៥២ឆ្នាំ ដែលនៅក្បែរគ្នា បន្ទាប់មក ដោយឃើញម្ចាស់ផ្ទះកំពុងជាប់រវល់រៀបម៉ូទ័របូមទឹក ខណៈអណ្តូងស្នប់ខូចមិនចេញទឹក ទើបចូលទៅជួយរហូតដល់វេលាម៉ោង៥និង៤០នាទីល្ងាច ស្រាប់តែមិនប្រយត្ន័បណ្ដាលឲ្យឆក់ខ្សែភ្លើង បង្កការភ្ញាក់ផ្អើល ដោយម្ចាស់ផ្ទះប្រញាប់ប្រញាលរត់ចូលទៅក្នុងផ្ទះបិទបារ៉ែតភ្លើង និងហៅគ្នីគ្នាជួយលើកដាក់កប់ភក់ និងជួយសង្គ្រោះធ្វើចលនាដៃជើង ប៉ុន្តែអកុសលយឹតពេលទៅហើយ។

ក្រោយពីមានសេចក្ដីរាយការណ៍ពីអ្នកភូមិ សមត្ថកិច្ចមូលដ្ឋានបានមកដល់ និងចុះមកពិនិត្យ កន្លែងកើតហេតុឃើញថា ពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន ទើបប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖