ព័ត៌មានទាន់ហេតុការណ៍៖

ចតរថយន្តទុកនៅមុខបុរីសុវណ្ណចូលទៅហូបការ ពេលចេញមកវិញចោរលួចបាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ម្ចាស់រវល់ចូលទៅហូបការ ដោយចតរថយន្តចោលនៅមុខបុរីសុវណ្ណ ស្រាប់តែពេលហូបការរួច ចេញមកវិញបាត់រថយន្តពីកន្លែងចត រកមិនឃើញ ក៏ផ្អើលឆោឡោ ហើយដឹងថារថយន្តត្រូវចោរលួចបាត់តែម្តង ។

ករណីបាត់រថយន្តនៅមុខបុរីសុវណ្ណនេះ មិនមែនជាលើកទី១នោះទេ កន្លងមកក៏មានការបាត់រថយន្តដូចគ្នានេះដែរ តែសមត្ថកិច្ចមូលដ្ឋានហាក់មានចេតនាបិទបាំងដល់អ្នកសារពត៌មាន ។

ករណីបាត់រថយន្តកើតឡើងកាលពីព្រលប់ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមុខបុរីសុវណ្ណភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

រថយន្តដែលបាត់ម៉ាកកាមរីឆ្លាម ពណ៌ស ស្លាកលេខ ភ្នុំពេញ 2-AK4832 របស់ម្ចាស់កម្មសិទ្ធិឈ្មោះ ប៊ុន រ៉ាវី ភេទស្រី អាយុ៣១ឆ្នាំ នៅផ្សារក្រាំងចេក ឃុំក្រាំចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (មកម្នាក់ឯង) ។

តាមការសាកសួរពីសំណាក់សមត្ថកិច្ចចំពោះម្ចាស់រថយន្តបានបំភ្លឺថា មុនពេលហេតុម៉ោង៧និង១៥នាទី ជនរងគ្រោះ(ម្ចាស់រថយន្ត) បានជិះរថយន្តរបស់ខ្លួនខាងលើ មកញាំការនៅបុរីសុវណ្ណ ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ហើយបានយករថយន្តទៅចតនៅចិញ្ចើមផ្លូវខាងជើង រួចហើយ ក៏ដើរចូលហូបការរហូតលុះវេលាម៉ោង៨និង៤៥នាទីយប់ ពេលចេញពីហូបការវិញ ស្រាប់តែរករថយន្តមិនឃើញ ។ ពេលបាត់ ក៏បាននាំគ្នាដើររកដែរ តែរកមិនឃើញ ទើបដឹងថា បាត់មែនទែន ក៏រាយការណ៍ដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ស្រាវជ្រាវ ។

គួររំលឹកថា ករណីបាត់រថយន្តនៅបុរីសុវណ្ននេះ មិនមែនទើបតែកើតមានជាលើកទី១នោះទេ ដែលកាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានករណីបាត់រថយន្តដូចគ្នានេះដែរ តែលើកមុនសមត្ថកិច្ចមូលដ្ឋានមានចេតនាលាក់បាំងពត៌មាន ៕ សេនាស័ក្តិ


ចែករំលែក៖