ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រពន្ធដឹកគ្នាទៅហូបការចៃដន្យត្រូវម៉ូតូក្មេងស្ទាវជិះបុករបួសធ្ងន់ ស្រាល ៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់ បានរងរបួសធ្ងន់ ស្រាល បែកក្បាលហូរឈាមពេញផ្ទៃមុខគួរឲ្យរន្ធត់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកគ្នាពេញទំហឺងលាន់ដូចរន្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ឈប់មើល និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានកាលពីថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៧យប់ ស្ថិតនៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកកំពង់រោទិ៍បានឲ្យកាសែតនគរវត្តដឹងថា បុរស២នាក់ដែលបើកម៉ូតូបង្កហេតុមានឈ្មោះ ឃឹមវិជ្ញា អាយុ២០ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទ៏ និងឈ្មោះ ញិត វិន អាយុ២៦ឆ្នាំ មានទីលំនៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខណៈជិះម៉ូតូហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J២៧៤៣ ខូចខាតយ៉ាងដំណំ ។

ចំណែកភាគីម៉ូតូរងគ្រោះម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G៥១២៩ មានម្ចាស់ឈ្មោះ ព្រំ សារ៉ន អាយុ២៧ឆ្នាំ និងប្រពន្ធឈ្មោះ ឡឺក ប៉ូរ៉ា អាយុ២៥ឆ្នាំ ត្រូវជាប្ដីប្រពន្ធមានទីលំនៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៏ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានយុវជន២នាក់ បានជិះម៉ូតូពីជើងមកត្បូងក្នុងល្បឿនលឿនសង្ស័យស្រវឹងស្រា ស្រាប់តែទៅបុក និងម៉ូតូមួយគ្រឿងទៀត ដែលជិះ២នាក់ប្ដីប្រពន្ធគោលបំណងទៅហូបការ ដែលបើកស្របគ្នាពីមុខយ៉ាងពេញទំហឺងបណ្ដាលឲ្យដួលខ្ទាតមនុស្ស និងម៉ូតូអូសជិត២០ម៉ែត្រ ។

ក្រោយមកសមត្ថកិច្ចមកដឹកភាគីទាំងសងខាងមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងអូសម៉ូតូទាំង២គ្រឿងមកកាន់នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំស្វាយតាយានចាត់ការពេលក្រោយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖