ព័ត៌មានទាន់ហេតុការណ៍៖

ទឹកភ្នែកស្ត្រីខ្មែរយកប្តីកូរ៉េតាមវាយដល់ផ្ទះដោយសារមិនព្រមទៅរួមរស់ដូចគ្រាមុន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិកូរ៉េម្នាក់ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្ទាប់ពីប្រើអំពើហិង្សាលើនារីម្នាក់ដែលប្រកែកមិនព្រមវិលទៅរួមរស់ជាមួយខ្លួនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥នាទីល្ងាចថ្ងៃ សុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិច្រវាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ លន់ ស្រីឡា អាយុ២៣ឆ្នាំ រស់នៅ ភូមិច្រវាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ចំណែកជនងបង្កឈ្មោះ ជៀង កូដង់ អាយុ៤៩ឆ្នាំ ជាជនជាតិកូរ៉េ គ្មានឯកសារសម្គាល់ខ្លួន ។

មុនពេលកើតហេតុជនបង្កបានមកផ្ទះ របស់ស្ត្រីរងគ្រោះនៅភូមិ-ឃុំខាងលើហៅស្ត្រីរងគ្រោះត្រឡប់ទៅស្នាក់នៅជាមួយគ្នា នៅឯរាជធានីភ្នំពេញវិញតែនាងប្រកែក មិនព្រមទៅ។ ពេលនោះឈ្មោះ ជៀង កូដង់ ខឹងច្រឡោតយ៉ាងខ្លាំងក៏យកទូរស័ព្ទវាយស្ត្រីរងគ្រោះចំចិញ្ចើមខាងឆ្វេងដាល់ ចំភ្នែកខាងឆ្វេង និងខាងស្ដាំ ហើយយក ព្រនង់វាយចំដៃខាងឆ្វេងបន្ថែមទៀតតែ ត្រូវសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យភ្លាមៗ ។

តាមការសាកសួររបស់សមត្ថកិច្ចស្ត្រី រងគ្រោះបានឲ្យដឹងថា កន្លងទៅរូបនាង និងជនជាតិកូរ៉េនេះធ្លាប់ស្រលាញ់គ្នា និង រស់នៅជាមួយគ្នារយៈពេល៦ខែមកហើយ ដោយមិនបានរៀបការ។ ក្នុងការរស់នៅជាមួយគ្នានោះជនជាតិកូរ៉េរូបនេះចេះតែ វាយធ្វើបាបនាងជាញឹកញាប់ ទើបនាង រត់មកផ្ទះនៅឃុំឈូក ស្រុកក្រូចឆ្មារវិញ។ ម្យ៉ាងទៀតបើនាងត្រឡប់ទៅនៅជាមួយ បុរសកូរ៉េនេះវិញខ្លាចគេវាយធ្វើបាបដល់ស្លាប់ ៕ ហេង នរិន្ទ្រ

 


ចែករំលែក៖