ក្រសួងការបរទេសចិន បានចេញមុខប្រឆាំងនឹងការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកទៅលើកូរ៉េខាងជើង ហើយនៅក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិក មានទាំង ស្ថាប័ន និងបុគ្គលរបស់ចិនផងដែរ ។
នៅក្នុងសេចក្តីប្រកាសរបស់ ក្រសួងការបរទេសចិន បានបញ្ជាក់ថា« ចិន បានប្រឆាំងយ៉ាងដាច់អហង្កានៅក្នុងការដាក់ទណ្ឌកម្មជាឯកតោភាគី ប្រើច្បាប់អមេរិក ដើម្បីប្រឆាំងនឹង បុគ្គលរួមទាំងស្ថានប័នមួយចំនួនរបស់ចិន ដែលអាមេរិកថាជាប់ពាក់ព័ន្ធនឹងកូរ៉េខាងជើង ។ យើងបានលើកពីបញ្ហានេះជាមួយទីក្រុងវ៉ាស៊ីនតោនដោយស្នើឲ្យបញ្ឈប់សកម្មភាពខុសឆ្គងទាំងនោះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង ទ្វេភាគី អាមេរិក ចិន» ។
នៅក្នុងសេចក្តីប្រកាស ទីក្រុងប៉េកាំង បានបញ្ជាក់សារជាថ្មីថា ទីក្រុងប៉េកាំងបានអនុវត្តយ៉ាងខ្ជប់ខ្ជួនរាល់ការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ទៅលើកូរ៉េខាងជើង ហើយបណ្តាក្រុមហ៊ុនចិន ក៏មិនបានបំពានការដាក់ទណ្ឌកម្មនោះផងដែរ ។
នៅក្នុងកញ្ចប់ដាក់ទណ្ឌកម្មថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន មានក្រុមហ៊ុនចិនជាច្រើនមិនធ្លាប់មាន ក្នុងនោះ មានបុគ្គល់១រូប ក្រុមហ៊ុនចំនួន២៧ និងនាវាដឹកទំនិញចំនួន២៨ ។ ក្រៅពីនេះ ក្រុមហ៊ុន ដឹកជញ្ជូន និងថាមពលជាច្រើនរបស់ចិន តៃវ៉ាន ហុងកុង និងសិង្ហបុរីស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់អាមេរិក ។ បុគ្គល ក្រុមហ៊ុនដែលរងការដាក់ទណ្ឌកម្ម គឺមិនអាច ដកហូតទ្រព្យសម្បត្តិរបស់ពួកគេនៅអាមេរិកបានឡើយ ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តី មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងតែពិភាក្សាជាមួយជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី សិង្ហបុរី ដើម្បីបង្កើន ការយាមល្បាត ទប់ស្កាត់ នាវាដែលលួចលាក់រកស៊ីជាមួយកូរ៉េខាងជើង ពិសេសគឺនាវាដឹកប្រេង ។ នៅក្នុងគម្រោងនោះ បានស្នើឲ្យចាប់នាវាដែលសង្ស័ ដឹកជញ្ជូនទំនិញ ចេញ ចូលកូរ៉េខាងជើង ។
ការបង្កើនទណ្ឌកម្មរបស់អាមេរិក ទៅលើពាក់ព័ន្ធ និង កូរ៉េខាងជើង ក៏ដូចជាក្រុមហ៊ុន ជាប់ពាក់ព័ន្ធ កាន់តែធ្វើឲ្យស្ថានភាពតានតឹង ឡើងវិញ ក្រោយពេលកូរ៉េទាំងពីរកំពុងតែមានទំនាក់ទំនងល្អប្រសើរ និងគ្នាតាមរយៈការប្រគួតកីឡា។ នៅពេលនេះដែរ ក្រុមប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ដឹកនាំដោយមន្ត្រីកំពូលកូរ៉េខាងជើងម្នាក់ ដែលត្រូវគេចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការបាញ់ពន្លិចនាវាចម្បាំងកូរ៉េខាងត្បូងមួយគ្រឿង កាលពីឆ្នាំ២០១០ បានធ្វើដំណើរមកដល់កូរ៉េខាងត្បូង ហើយនៅថ្ងៃអាទិត្យនេះ ដើម្បីចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុង PyeongChang។
លោក Kim Yong-cholជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បានធ្វើដំណើរមកដល់ប៉ុស្ដិ៍ត្រួតពិនិត្យក្នុងទីក្រុង Pajuស្ថិតនៅភាគខាងត្បូង នៃព្រំដែនអន្តរកូរ៉េ តាមផ្លូវគោកនៅម៉ោង ៩៖៥៣នាទីព្រឹក (ម៉ោងនៅក្នុងតំបន់ ដើម្បីដឹកនាំប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង មកទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកូរ៉េខាងត្បូង ក៏ដូចជា ដើម្បីចូលរួមពិធី បិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុង PyeongChang។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ពុំទាន់មានសេចក្ដីរាយ ការណ៍ថា តើក្រុមប្រតិភូកូរ៉េខាងជើង នឹងត្រូវជួបពិភាក្សាការងារជាមួយ ក្រុមប្រតិភូអាមេរិកដឹកនាំកូនស្រី ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ គឺលោកស្រី Ivanka Trump ឬយ៉ាងណានៅឡើយនោះទេ។
ក្រុមអ្នកឯកទេសលើកឡើងថា នៅពេលដែល ទំនាក់ទំនង កូរ៉េខាងពីរជិតស្និត និងគ្នានោះ អាមេរិក និងត្រូវឃ្លាតឆ្លាយ ពីកូរ៉េខាងត្បូង ដោយអាមេរិកគឺជារនាំង រារាំងដល់ទំនាក់ទំនង និងការបង្រួបបង្រួមជាតិកូរ៉េទាំងពីរ។
កូរ៉េខាងជើង ធ្លាប់បានប្រកាស់ប្រាបដល់កូរ៉េខាងត្បូង ថា ឃ្លាំងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ត្រូវបានផលិតឡើង ក្នុងគោលដៅដើម្បីទប់ទល់អាមេរិកតែម្យ៉ាងប៉ុណ្ណោះ ព្រមទាំងបានលើកឡើងថា អាវុធទាំងនោះនឹងត្រូវបានប្រើប្រាស់ដើម្បីរួបរួមកម្លាំងនៅឧបទ្វីបកូរ៉េ ជាមធ្យោបាយមួយដើម្បីបង្កើនទំនាក់ទំនងល្អរវាងកូរ៉េទំាងពីរ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងអំពីសេចក្តីថ្លែងការណ៍ថ្មីៗរបស់សហរដ្ឋអាមេរិក ដែលចោទប្រកាន់ថា កូរ៉េខាងជើងកំពុងព្យាយាមគ្រប់គ្រងលើកូរ៉េខាងត្បូង ហើយរដ្ឋាភិបាលក្រុងព្យុងយ៉ាង មានបំណងបង្រួបង្រួមកូរ៉េទាំងពីរ ក្រោមទង់ជាតិរបស់កូរ៉េខាងជើង។ ឆ្លើយតបនឹងការលើកឡើងបែបនេះ កូរ៉េខាងជើងបានបញ្ជាក់ថា សំដីរបស់សហរដ្ឋអាមេរិក ជាពាក្យបោកប្រាស់ប៉ុណ្ណោះ។
សារព័ត៌មាន KCNA បានបន្ថែមខ្លឹមសារថា អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង គឺប្រើប្រាស់សម្រាប់តែរក្សាសុវត្ថិភាព និងស្ថិរភាពក្នុងឧបទ្វីបកូរ៉េតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ កូរ៉េខាងត្បូងគួរតែយល់ថា អាវុធទាំងនោះ ជាទ្រព្យសម្បត្តិរួមរវាងកូរ៉េទាំងពីរ។ កូរ៉េខាងជើងថែមទាំងបានសង្កត់ធ្ងន់ថា ខ្លួនគ្មានបំណងចាត់ទុកកូរ៉េខាងត្បូង ជាគោលដៅអាវុធរបស់ខ្លួននោះឡើយ៕ ម៉ែវ សាធី