ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនគរបាលឃាត់ខ្លួនបន្ទាប់ពីរូបគេបានប្រដាប់ដោយដាវ និងដែកសរសៃធ្វើសកម្មភាពវាយនៅលើជនរងគ្រោះ២នាក់ បណ្តាលឲ្យរបួស ដោយហេតុថា ធ្លាប់វាយបងរបស់ខ្លួន ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២០និង២៥នាទី ស្ថិតក្នុងភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
នគរបាលស្រុកទ្រាំង បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ណាតទុំ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានធ្វើសកម្មភាពប្រដាប់ដោយដាវ និងដែកសរសៃមូលកាប់ទៅលើជនរងគ្រោះ មានទី១ ឈ្មោះប៉ាល់ តុលាភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិឃុំកើតហេតុ មានមុខរបរជាងជួសជុលម៉ូតូ របួសស្នាមត្រង់ដៃផ្នែកខាងឆ្វេង១កន្លែង និងទី២ ឈ្មោះឆេង ពន្លក ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ មានមុខរបរលក បបរ របួសស្នាម១កន្លែងត្រង់ដៃផ្នែកខាងឆ្វេង ។
ក្រោយពេលកើតហេតុភ្លាមៗកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងដាវ និងដែកសរសៃមួយកំណាត់ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញនាំខ្លួនមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា