ភ្នំពេញ៖ បុរសម្នាក់បានផឹកស្រាស្រវឹង បើករថយន្តISUZUទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ពីចំហៀង បណ្ដាលឲ្យរងការខូចខាតខ្លួនឯងយ៉ាងដំណំ កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចកែងផ្សារកុងតឺន័រ តាមបណ្ដោយផ្លូវរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ រថយន្តក្រឡុកស៊ីម៉ង់ត៍ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 5A-1465 បានធ្វើដំណើរចេញពីការដ្ឋានសាងសងអាគារ ទិសដៅពីកើតមកលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លូវបំបែកជាបួន ស្រាប់តែរថយន្តបង្កម៉ាក ISUZU ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD-2013 ដែលបើកបរដោយបុរសម្នាក់ មានស្ថានភាពស្រវឹងស្រា បានធ្វើដំណើរតាមក្រោយរបងស្ថានទូតរុស្សុី ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្នផងនោះ ក៏បុករថយន្តក្រឡុកស៊ីម៉ង់ត៍់ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តក្រឡុកស៊ីម៉ង់ត៍វិញ ដោយសារតែកាងរថយន្តរឹងមាំ ទើបកំពិទកាងតិចតួចតែប៉ុណោះ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កម៉ាក ISUZU ដឹងខ្លួនឯងថាស្រវឹង ក៏បានគេចចេញពីកន្លែងកើតហេតុបាត់ ហើយបានឲ្យតំណាងរបស់ខ្លួនចូលមកដោះស្រាយជាមួយភាគីខាងរថយន្តក្រឡុកសុី ។ ដោយចុងបញ្ចប់ ភាគីខាងរថយន្តក្រឡុកស៊ីម៉ង់ត៍ទារសំណងថ្លៃខូចខាតចំនួន60ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ៕ ភារ៉ា ដង្កោ