ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជោក និងប្រចណ្ឌប្រពន្ធទិញសាំងចាក់ដុតក្នុងមុងរងរបួស៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ស្រវឹងស្រាយកដបសាំងចាក់ចូលក្នុងមុងដុតសម្លាប់ខ្លួនទាំង៣នាក់ប្ដី ប្រពន្ធ និងកូន ប៉ុន្តែមិនបានសម្រេច គ្រាន់តែរងរបួសរលាកពេញខ្លួន ដោយសារអ្នកភូមិជួយទាន់ពេលវេលា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុកចន្ទ្រា បានឲ្យកាសែតនគរវត្តដឹងថា ជនសង្ស័យ​ដែលចាក់សាំងដុតប្រពន្ធ និងកូនបណ្ដាលឲ្យរងរបួសមានឈ្មោះ ថុល ចាន់ អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

ចំណែកប្រពន្ធ និងកូនមានឈ្មោះ តឿ ចិន្ដា អាយុ៣៧ឆ្នាំ មុខរបរកសិករ និងកូនឈ្មោះ វ៉ាត់ សុជាតិ អាយុ៦ឆ្នាំ ។

តាមអ្នកភូមិបានឲ្យដឹងថា ក្រុមគ្រួសារខាងលើ តែងតែឈ្លោះគ្នាជាប្រចាំមិនលស់ថ្ងៃឡើយ ខណៈដែលបុរសជាប្ដីពេលផឹកស្រាស្រវឹងម្ដងៗ គឺប្រចណ្ឌប្រពន្ធ និងអ្នកផ្សេងជានិច្ច ។

លុះនៅពេលកើតហេតុ ផ្ទះរបស់ជនសង្ស័យបានឮសូរមានការឈ្លោះប្រកែកគ្នា ខណៈនោះ ស្រាប់តែមានហុយផ្សែងឡើង និងស្រែកជួយផងៗ ភ្លើងឆេះ ទើបបង្កការឆោឡោភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាអន្តរាគមន៍ជួយពន្លត់ ដោយប្ដី ប្រពន្ធ និងកូនមានការរលាកពេញខ្លួន បញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត ។

បច្ចុប្បន្ន ជនសង្ឃ័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជួនចាត់ការតាមច្បាប់ ។ ជនរងគ្រោះជាម្តាយមានឈ្មោះ តឿ ចិន្ដា អាយុ៣៧ឆ្នាំ និងកូនឈ្មោះ វ៉ាត់ សុជាតិ អាយុ៦ឆ្នាំ រងរបួសធ្ងន់ ៕ យឹម សុថាន

 


ចែករំលែក៖