ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្ត Ford មួយគ្រឿងចូលចាក់សាំងនៅស្ថានីយប្រេងឥន្ទនៈតូតាល ហើយពេលចាក់សាំងនិងគិតលុយរួចហើយ ស្រាប់តែច្រលំជាន់ហ្គែរស្ទុះទៅបុកធុងសាំង ក្រឡាប់ផ្ងារជើង ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ករណីគ្រោះថ្នាក់ដោយការធ្វេរប្រហែសនេះ បានកើតឡើងវេលាម៉ោង៦និង១០នាទីយប់ថ្ងៃអាទិត្យ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រង់ចំណុចស្ថានីយប្រេងឥន្ទនៈ TOTAL តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត Ford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-9784 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ចូលចាក់សាំង បន្ទាប់ពីចាក់សាំងនិងគិតលុយរួចហើយ គាត់ក៏ច្រលំជាន់ហ្គែររថយន្តស្ទុះទៅបុករះទូជាប់ធុងចាក់ប្រេង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង តែមិនមានរងរបួសដល់មនុស្សនោះទេ ភ្លាមៗនោះគេឃើញអ្នកបើកបរបានចុះពីលើរថយន្ត លូនចេញតាមទ្វារមក រួចទាក់ទងហៅសាច់ញាតិឲ្យមកកន្លែងកើតហេតុ ដើម្បីជួយដោះស្រាយចេញសំណងផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្តរាគមន៍ ដោយម្ចាស់រថយន្តបង្ក បានធ្វើការសម្រួលជាមួយម្ចាស់ស្ថានីយប្រេងឥន្ទនៈ ព្រមសងថ្លៃការខូចខាតទាំងអស់ រួចហៅអ្នកឈរមើលហេតុការណ៍ជួយរុញនិងទាញរថយន្តឡើងមកវិញ ទើបសមត្ថកិច្ចអនុញ្ញាតម្ចាស់រថយន្តបង្ក យកទៅជួសជុលដោយខ្លួនឯងវិញ ៕ស តារា