ភ្នំពេញ ៖ នាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាស រ៉ាវុធ អនុប្រធាននាយកដ្ឋានទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញាសហការជាមួយអាជ្ញាធរមូលដ្ឋានក្រោមការ សម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញបានបង្ក្រាបករណីលក់ចែកចាយស្បែកជើងក្លែងម៉ាក SKECHERS (រំលោភ ច្បាប់កម្មសិទ្ធិបញ្ញា)៣ទីតាំងផ្សេងគ្នានៅផ្សារធំថ្មី និងផ្សារទួលទំពូង ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វ ស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយយោងតាមពាក្យបណ្តឹង របស់ក្រុមហ៊ុន V2V Corporation ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់ មុខស្បែកជើងម៉ាក SKECHERS ពីសហ រដ្ឋអាមេរិកទើបសមត្ថកិច្ចស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបតែម្តង ។
លោកវរសេនីយ៍ឯក ម៉ាត់ យូសុះ នាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានឲ្យដឹងថា សមត្ថកិច្ចបានចុះត្រួតពិនិត្យ ចំនួន៣ទីតាំងគឺនៅតូបលេខ I1040 ផ្សារ ធំថ្មី តូបលេខ១៣០១យីហោ ព្រំ លក្ខណា ផ្សារទួលទំពូង និងហាងយីហោ ថប ប្រេន (Top Brand Factory outlet) សំយាបខាង កើតនៃផ្សារទួលទំពូង ។
លោកនាយការិយាល័យបានបន្តថា ជាលទ្ធផលតូបលេខI1040 ផ្សារធំថ្មី ដោយ ម្ចាស់មានការយល់ដឹងបានបញ្ឈប់ការលក់ចែកចាយតាំងពីប្រមាណ២ខែមុនមក ហើយ ដូច្នេះសមត្ថកិច្ចពុំបានរកឃើញ សម្ភារណាមួយឡើយ។ ចំណែកទីតាំង ២ទៀតនៅផ្សារទួលទំពូងសមត្ថកិច្ចបាន រកឃើញស្បែកជើងក្លែងម៉ាក SKECHERS សរុបចំនួន៣៦៣គូ និងបានដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន និង តម្រូវឲ្យម្ចាស់ទីតាំងទាំង២កន្លែងចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីបន្តនីតិវិធី ។
បើតាមការអះអាងរបស់តំណាងក្រុម ហ៊ុន V2V Corporation បានឲ្យដឹងថា ស្បែកជើងម៉ាក SKECHERS នេះមានតែ ក្រុមហ៊ុនលោកមួយគត់ដែលបាននាំចូលផលិតផលសុទ្ធពីសហរដ្ឋអាមេរិក និងមានដាក់លក់តែនៅសាខាក្រុមហ៊ុនប៉ុណ្ណោះ ដែលបច្ចុប្បន្នមាន២ទីតាំងគឺនៅតាម បណ្តោយមហាវិថីព្រះសីហនុខាងកើតវិមានឯករាជ្យ និងក្នុងផ្សារអុីអនទី១ រាជធានី ភ្នំពេញ។ ក្នុងពេលឆាប់ៗខាងមុខនឹងមានបើកសាខាមួយទៀតនៅក្នុងផ្សារអុីអនទី២។ ដូច្នេះបើសិនជាមានដាក់លក់នៅក្នុងទីតាំងផ្សេងក្រៅពីទីតាំងខាងលើ ឬពុំមានការ អនុញ្ញាតពីក្រុមហ៊ុនទេនោះពុំមែនជាផលិតផលសុទ្ធនោះទេ ៕ ស តារា