ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្រុសស្រី៣នាក់ បានរងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូ២គ្រឿង បុកគ្នាដោយមូលហេតុឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ កាលពីថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៨ និង៣០នាទី នៅចំណុច លើផ្លូវក្រាលកៅស៊ូ លេខ៣១៧ ស្ថិតក្នុងភូមិទន្លៀង ឃុំ រមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ម៉ូតូបង្កហេតុម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង ១G ៧៩៩១ បើកបរដោយឈ្មោះ សំ ម៉ារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិទន្លៀង ឃុំរមាំងថ្កោលស្រុកស្វាយទាបខេត្តស្វាយរៀង រងរបួសស្រាល (មិនពាក់មួកសុវត្ថិភាព) ធ្វើដំណើរពីលិចទៅជើងឆ្លងផ្លូវមិនប្រយត្ន័ មកដល់ចំណុចកើតហេតុខាងលើ ក៏បុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១A ៥៣២២ បើកបរដោយឈ្មោះ ទិត្យ វណ្ណនឿន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិក្រញ៉ូង ឃុំរមាំងថ្កោល ស្រុកស្វាយទាបនិងអ្នករួមដំណើរ ឈ្មោះ សោម សម្ផស្ស ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិឃុំជាមួយគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះនិងដួលរណូករណែលពេញផ្លូវ។
ក្រោយមកសមត្ថកិច្ចបានមកដល់ និងវាស់វែងព្រមទាំងយក អ្នករងរបួសទាំងខាងត្រូវទៅ ព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
ចំពោះម៉ូតូទាំងពីរគ្រឿង យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរមាំងថ្កោល ដោះស្រាយពេលក្រោយ ៕ យឹម សុថាន