ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ឈ្មោះឆាយ សុភ័ណ្ឌ អាយុ៤០ឆ្នាំមានមុខរបរជាកសិករ និងជាប្រជាការពាររស់នៅចំណុចវាលព្រីងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ត្រូវបាននគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លួនកាលពីល្ងាចថ្ងៃ អាទិត្យ ១១ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងទី២៥ខែកុម្ភៈឆ្នាំ២០១៨ ក្រោមពាក្យបណ្តឹងរបស់កូនស្រីបង្កើតថាបានចាប់រំលោភនាងរហូតបានសម្រេច ពេលម្តាយ និងបងស្រីទៅចម្ការបាត់ ។
តាមការបណ្តឹងកូនស្រីច្បងរបស់ជនសង្ស័យប្តឹងជួសប្អូនស្រីរបស់ខ្លួនបានរៀបរាប់លើបណ្តឹងនោះថានៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៨នាងនិងម្តាយបង្កើតបាននាំគ្នាចេញទៅចំការដោយទុកប្អូនស្រីឲ្យនៅផ្ទះជាមួយឪពុក។លុះមកដល់ថ្ងៃទី២៥ខែកុម្ភៈនាងត្រឡប់មកដល់ផ្ទះវិញស្រាប់តែប្អូនស្រីដែលមានអាយុទើបតែ ១២ឆ្នាំ(ក្មេងស្រីរងគ្រោះ)បានរៀបរាប់អំពីសកម្មដែលឪពុកចាប់រំលោភនាងថា ក្រោយពេលបងស្រីនិងម្តាយទៅចម្ការបាត់នៅល្ងាចថ្ងៃ២៤កុម្ភៈម៉ោងប្រហែល៥ ប៉ាជិះម៉ូតូមកពីបញ្ចូលអាគុយ វិញរួចហើយបានបបួលខ្ញុំទៅរកត្រីតែខ្ញុំប្រកែកមិនទៅទេព្រោះឈឺកែងជើង។ ក្រោយមកប៉ាក៏បានយកកាំបិតចាក់កជ្រូក មកគម្រាមថាបើមិនទៅអញសម្លាប់ចោល។ បន្ទាប់មកគាត់ក៏បានយកក្រណាត់មករុំមុខខ្ញុំ ហើយចាប់បីខ្ញុំទៅព្រៃតែមិនដឹងទៅដល់ណាទេ លុះក្រោយមកគាត់ដាក់ខ្ញុំចុះហើយស្រាយក្រណាត់ចេញពីមុខខ្ញុំ រួចគាត់សម្លុតឲ្យខ្ញុំស្រាតខោអាវចេញ រួចក៏ចាប់រំលោភខ្ញុំនៅក្នុងព្រៃនោះបានសម្រេច។ ក្រោយរំលោភរួចគាត់ឲ្យខ្ញុំស្លៀកខោវិញទាំងហូរឈាម ហើយដឹកដៃខ្ញុំមកផ្ទះនិងប្រាប់ដដែលៗថាពេលឯងទៅដល់ផ្ទះត្រូវបោកខោចេញស្អាត និងកុំប្រាប់រឿងនេះឲ្យម៉ែ និងបងស្រីដឹងឲ្យសោះ បើពុំដូច្នោះទេ អញសម្លាប់ចោល ។
យ៉ាងណាចំពោះករណីនេះជនសង្ស័យត្រូវជាឪពុកក្មេងស្រីរងគ្រោះបានបដិសេធនឹងការចោទប្រកាន់របស់កូនស្រីបង្កើតរបស់ខ្លួននោះថាមិនបានប្រព្រឹត្តបែបនេះទេ។
ពាក់ព័ន្ធករណីខាងលើនេះកម្លាំងសមត្ថកិច្ចហាក់ដូចជាឈឺក្បាលព្រោះការចោទប្រកាន់នេះដូចមិនសមព្រោះគ្មានសាក្សី និងភស្តុតាងមកបង្ហាញ។ ដូច្នេះសមត្ថកិច្ចមានតែស៊ើបអង្កេតរកភស្តុតា និងសាក្សី ព្រមទាំងឲ្យគ្រូពេទ្យពិនិត្យផ្លូវភេទប៉ុណ្ណោះដើម្បីទទួលមានភាពយុត្តិធម៌ទាំងកូននិងឪពុក៕ សហការី