ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ៖ ជាង៤០ថ្ងៃយុទ្ធនាការស្តារលូបានជិត១០០គីឡូម៉ែត្រស្មើរ៣៣%ចំពោះខណ្ឌ៤កណ្តាលក្រុងភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ យុទ្ធនាការស្តារលូ លាងលូ រយៈពេលជាង៤០ថ្ងៃកន្លងមកនេះ ក្នុងចំណោមខណ្ឌទាំង៤នៅកណ្តាលរាជធានីភ្នំពេញ សម្រេចលទ្ធផលបានជិត១០០គីឡូម៉ែត្ររួចមកហើយ ក្នុងចំណោមលូសរុប៤១៨គីឡូម៉ែត្រ ក្នុងបំណងរំដោះការជន់លិចដោយទឹកភ្លៀងនៅក្នុងរដូវវស្សាខាងមុខនេះ។

នេះបើតាកបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីលទ្ធផលនៃការស្តារលូ ក្នុងខណ្ឌទាំងបួន នៅកណ្តាលក្រុងភ្នំពេញ នៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ ក្នុងចំណោមប្រវែងលូសរុប៤១៨គីឡូម៉ែត្រ ក្នុងខណ្ឌដូនពេញ ទួលគោក ៧មករា និងខណ្ឌចំការមន រយៈពេល៤៣ថ្ងៃកន្លងមកនេះ គឺសម្រេចស្តារលូរ និងលាងលូ បានចំនួន៩៩គឺឡូម៉ែត្រ ស្មើរនឹងលូចំនួន១២៨ខ្សែ គឺស្មើរនឹង៣៣% នៃផែនការសរុប លូចំនួន៤៤០ខ្សែ”។

លោកបញ្ជាក់ថា ៖ ការស្តារលូនេះ គឺមានការចូលរួមសហការ រវាងរដ្ឋបាលខណ្ឌ ទាំង៤កណ្តាលក្រុង និងមន្រ្តីជំនាញរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូន ដែលប្រើប្រាស់ នូវឧបករណ៍មួយចំនួនដូចជាកៅឡាក់ និងរថយន្តបូមលូ។ លោកបញ្ជាក់ថា៖ ក្នុងរយៈពេលនៃការស្តារលូ រយៈពេលកន្លងទៅនេះ គឺសង្កេតឃើញថា មានលូខ្លះ ពោពេញទៅសំរាម និងកាកសំណល់ ផ្ទះបាយ របស់ប្រជាពលរដ្ឋ និងតាមហាងលក់អាហារមួយចំនួន ដែលតែងតែយកកាកសំណល់ ទៅចាក់ចូលក្នុងលូ ឬនៅតាមមាត់លូ ដែលបង្ករអោយមានការកកស្ទះ នៅពេលមានភ្លៀងធ្លាប់មកម្តងៗ។ ជាមួយគ្នានោះផងដែរ មន្រ្តីជំនាញ ក៏បានធ្វើការផ្លាស់ប្តូរលូ ពីតូទៅធំ និងជំរុញការតភ្ជាប់លូ អោយជាប់ជាបណ្តាញ ដើម្បីបង្ហូរទឹកលូ ចូលទៅដល់ប្រឡាយ ឬស្ថាន៏យ៍បូមលូផងដែរ។

ទាក់ទិនទៅនឹងយុទ្ធនាការស្តារលូ លាងលូ និងស្តារប្រឡាយ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញនេះ លោក ឃួង ស្រេង បានជំរុញ អោយមន្ទីរជំនាញ ក៏ដូចជាខណ្ឌ យកចិត្តទុកដាក់ ក្នុងការស្តារលូ អោយហើយ ដើម្បីត្រៀមរំដោះបញ្ហាទឹកលិច ដោយទឹកភ្លៀងក្នុងរដូវវស្សាខាងមុខនេះ និងអោយមន្ទីរជំនាញពាក់ព័ន្ធ និងខណ្ឌរួមគ្នាបន្តអនុវត្តន៍ការងារនេះ និងធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋអោយបានពីការដាក់ទុកសំរាមបានត្រឹមត្រូវ និងមិនត្រូវយកកាកសំណល់ចាក់ចូលក្នុងប្រព័ន្ធលូនោះទេ។

ដោយឡែកប្រព័ន្ធបង្ហូរទឹកតាមប្រឡាយ គឺសំដៅទៅលើខណ្ឌជាយៗរាជធានីភ្នំពេញ ដែលមានបញ្ហាជន់លិចដោយសារជំនន់ទឹកភ្លៀងដែរនោះ គឺផ្តោតសំខាន់ទៅលើការរំដោះទឹក នៅតំបន់មួយចំនួនជាពិសេស តំបន់ដងនង្គ័លនៅខណ្ឌពោធិសែនជ័យ គឺរកលទ្ធភាពរំដោះទឹកភាគខាងកើត និងខាងត្បូងព្រលានយន្តហោះ ហើយការងារដាក់បណ្តាញលូ ក៏ដូចជាស្តាប្រឡាយមួយចំនួនត្រូវបានរៀបចំចាត់ចែង ដាក់ផែនការគ្រោងនឹងត្រៀមបើកការដ្ឋាន នៃការសាងសង់ស្ថានីយ៍បូមទឹកនៅលូ៥ ដែលជាចំណុចមួយ ក្នុងការរំដោះទឹកដែលបានហូរពីភាគខាងកើត និងខាងត្បូងព្រលានយន្តហោះ ដើម្បីបង្ហូរបន្តទៅកាន់តំបន់ជើងឯក។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ បញ្ហាដែលបានដោះស្រាយនោះ គឺស្តារប្រឡាយទឹក បង្កើនស្ថានីយបូមទឹក កសាងបណ្តាញលូមេពិសេសក្នុងខណ្ឌចំនួន៤នៅកណ្តាលក្រុង និងបានដាក់ចេញជាផែនការថ្មីមួយ ដោយឲ្យស្តារលូទាំងខ្នាតតូច និងធំ ដែលមានប្រវែង៤១៨គីឡូម៉ែត្រ ហើយគម្រោងនេះ ដោយប្រើរយៈពេល៥ខែ ដើម្បីអនុវត្តផែនការឲ្យបានរួចរាល់មុនរដូវវស្សាមកដល់។ លោកបន្តថា ការងារទាំងអស់នេះ គឺលោកអភិបាលរាជធានីអោយបង្កើតជាគណៈកម្មការមួយច្បាស់លាស់ ដើម្បីជំរុញការងារ អោយបានល្អ និងទាន់ពេលវេលា និងកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងនៅឆ្នាំក្រោយ៕ សំរិត


ចែករំលែក៖