ស្ថានទូតអាមេរិក រួមជាមួយនឹងមូលនិធិអាស៊ី និងគំរោង STEM Cambodiaនឹងរៀបចំសិក្ខាសាលាស្តីពីការសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM)របស់គំរោងផ្តួចផ្តើមស្តីពីមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI)។ ពិធីបើកនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី ២៨ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង ៨ ព្រឹក ក្នុងបន្ទប់Sunflower Ballroomនៃសណ្ឋាគារ Himawari Hotel។ លោកWilliam Heidtឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជានិងឯកឧត្ដមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានឹងថ្លែងសុន្ទរកថាក្នុងពិធីបើក។ ចាប់ពីម៉ោង ២ រសៀល នៅថ្ងៃសុក្រ ទី២ ខែមិនា ឆ្នាំ ២០១៨ អ្នកចូលរួមដែលមកពីគំរោង YSEALI នឹងបង្ហាញពីគំរោងសហការរួមគ្នារបស់គេ នៅក្នុងបុណ្យស្តីពីវិស្វកម្ម និងវិទ្យាសាស្រ្តនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅស្ថាតអូឡាំពិក។គំរោងល្អជាងគេចំនួន ៣ នឹងទទួលបានថវិកាខ្នាតតូច ដើម្បីប្រែក្លាយគំនិតរបស់គេអោយទៅជាសកម្មភាពជាក់ស្តែង។
សិក្ខាសាលាថ្នាក់តំបន់ស្តីពីការសិក្សាមុខវិជ្ជា STEMរបស់គំរោងមេដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍មានការចូលរួមនៃយុវជន យុវនារីវ័យក្មេងចំនួន ៥០ នាក់ ដែលមកពីប្រទេសអាស៊ានទាំង ១០ ដោយរួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីជំរុញការសិក្សាមុខវិជ្ជា STEM។ សិក្ខាសាលានេះនឹងផ្តោតលើសារៈសំខាន់នៃការសិក្សាមុខវិជ្ជា STEMភាពខ្វះចន្លោះក្នុងជំនាញក្នុងមុខវិជ្ជា STEM នារីដែលសិក្សាមុខវិជ្ជា STEM និងគំនិតថ្មីៗទាក់ទងនឹងមុខវិជ្ជា STEM ។
ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ គំរោង YSEALIគឺជាកម្មវិធីសំខាន់មួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក សំរាប់ពង្រឹងការអភិវឌ្ឍនៃភាពជាអ្នកដឹកនាំ និងការចងក្រងគ្នាជាបណ្តាញនៅតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈសកម្មភាពចូលរួម និងកម្មវិធីនានា គំរោង YSEALIមានបំណងកសាងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំរបស់យុវជន នៅក្នុងតំបន់ ពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ បណ្តុះក្រុមមេដឹកនាំអាស៊ានដែលធ្វើការឆ្លងព្រំដែនដើម្បីដោះស្រាយបញ្ហារួម។
ដើម្បីយកព័ត៌មាននៅក្នុងសិក្ខាសាលានេះ និងធ្វើការសួរនាំ សូមទាក់ទងមកលោក ជ្រា វណ្ណរិទ្ធ អ្នកឯកទេសផ្នែកព័ត៌មានរបស់ស្ថានទូតអាមេរិក នៅភ្នំពេញ តាមទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េលមក ChreaV@state.gov ឬទាក់ទងមកឈ្មោះ ChyTerithប្រធានកម្មវិធីនៅមូលនិធិអាស៊ី តាមទូរស័ព្ទលេខ ០១៧ ៨០៨ ០១៧ ឬអ៊ីម៉េលមក terith.chy@asiafoundation.org៕