ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីម្នាក់ ដែលគេស្គាល់ថាមានសតិមិនសូវគ្រប់កំពុងដើរតាមផ្លូវស្រាប់តែឈឺពោះចង់សម្រាលកូនតាមដងផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗដោយហៅរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្សារ៧មករា តាមបណ្តោយផ្លូវលេខ៦១៤ កែងនិងផ្លូវលេខ២៨៩ សង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្រ្តីមានផ្ទៃពោះម្នាក់ ដែលមានវ័យប្រហែលជាង៣០ឆ្នាំដោយមានសតិមិនសូវគ្រប់ បានដើរទៅវិញទៅមកនៅត្រង់ចំណុចកើតហេតុ រួចស្រែកត្អូញត្អែថាឈឺពោះ ថែមទាំងមានសភាពដូចជាបែកទឹកភ្លោះទៀតផង ។ ភ្លាមៗនោះប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានទាក់ទងហៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ ។
ប្រភពដដែលបានបន្តថា ស្រ្តីមានផ្ទៃពោះខាងលើជាជនអនាថា រាល់ថ្ងៃដើរដេកតាមសំយ៉ាបផ្ទះរបស់គេនៅម្តុំកន្លែងកើតហេតុអស់រយ:ពេលជាងមួយខែមកហើយ តែមិនដែលមានក្រុមគ្រួសារបងប្អូនមកសួររកនោះទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានទាក់ទងនៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត ទៅបញ្ជូនទៅសង្គ្រោះផងដែរ ដើម្បីសម្រាលកូនកុំឲ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ ៕ ស តារា