ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើការរោងចក្រឆ្លៀតលួចលក់ថ្នាំញៀនត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្រ្ដីជាកម្មការិនីរោងចក្រកាត់ដរម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងធ្វើការចាប់ខ្លួន ខណៈដែលស្រ្ដីរូបនេះបានលួចជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ស្រ្ដីសង្ស័យឈ្មោះណូ គីមស្រៀង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន ០៥កញ្ចប់ (កញ្ចប់ធំចំនួន ០១កញ្ចប់ , មធ្យមចំនួន ០១ កញ្ចប់ និងតូចចំនួន ០៣ កញ្ចប់ ) និងឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌ច្បាស់ថា ស្រ្ដីសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅត្រង់ចំណុចភូមិ/ឃុំកើតហេតុខាងលើ ។ ក្រោយពីទទួលបានព័ត៌មាន ភ្លាមនោះក៏ធ្វើការសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ ចុះធ្វើការទៅដល់ចំណុចកើតហេតុ រួចធ្វើការត្រួតពិនិត្យឆែកឆេរស្រ្ដីសង្ស័យឈ្មោះ ណូ គីមស្រៀង បានរកឃើញបានរកឃើញថ្នាំញៀនដូចបានរៀបរាប់ខាងលើ ឈានដល់ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងជាក់ស្ដែង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ស្រ្ដីសង្ស័យឈ្មោះ ណូ គីមស្រៀង បានសារភាពថា គ្រឿងញៀនខាងលើនេះគឺខ្លួនបានទិញពីជនម្នាក់នៅម្ដុំវាលខ្សាច់ រាជធានីភ្នំពេញ ដោយទិញចំនួន ០១កញ្ចប់ធំ ក្នុងតម្លៃ ៤៥ម៉ឺនរៀល រួចយកទៅវេចខ្ចប់ជាកញ្ចប់តូច ដើម្បីបន្តក្នុង០១កញ្ចប់ តម្លៃ៥ម៉ឺនរៀល ។

ក្រោយពីធ្វើការសាកសួររួច ស្រ្ដីសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖