ភ្នំពេញ៖ កម្លាំងនគរបាលកម្រិតធ្ងន់រាជធានីភ្នំពេញដឹកនាំដោយលោក អេង សោភា សហការជាមួយនគរបាលខណ្ឌសែនសុខ និងជ្រោយចង្វា ដោយមានការសម្របសម្រួលផ្លូវច្បាប់ដោយព្រះរាជអាជ្ញារង ឡុង ជាប បានដឹកនាំកម្លាំងចុះត្រួតពិនិត្យផ្ទះជួលជនសង្ស័យដែលមានទីតាំងក្នុងបុរីហ្គ្រេនជ្រោយចង្វា ។
ប្រតិបត្តិការចុះត្រួតពិនិត្យផ្ទះជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់នេះ (បាញ់បោះសេរីនៅចំណុណបុរីពិភពថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនាពេលកន្លងមក) បានកើតឡើងកាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងបុរីហ្គ្រេនជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវសមត្ថកិច្ចឲ្យដឹងថា ឈ្មោះប៊ុន តេង ហៅហ្គោ អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីយោធាស្នាក់នៅផ្ទះជួល លេខ No.T53A ផ្លូវលេខ៣ ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មានស្រុកកំណើតភូមិប្រឡាយធំ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។
ក្រោយការត្រួតពិនិត្យសមត្ថកិច្ចបានដកហូតរួមមានអាវពណ៌ស ខោខូវប៊ូយ និងមួកប៉ារ៉ា១ រថយន្តមួយគ្រឿងម៉ាករ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2R-6967 ដែលជាមធ្យោបាយធ្វើសកម្មភាពប្រព្រឹត្តិបទល្មើស សម្ភារខាងលើសមត្ថកិច្ចនគរបាលកម្រិតធ្ងន់ដកហូតទៅរក្សាទុកនៅការយាល័យនគរបាលកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកជនសង្ស័យបានគេចខ្លួនបាត់ស្រមោល ។
គួរបញ្ជាក់ផងដែរថា កាលពីម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចបន្ទប់ជួលផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីខ្មាំនកាំភ្លើងបើករថយន្តមកឈប់ក្បែររថយន្តតាកូម៉ាមួយគ្រឿងទៀត រួចដកកាំភ្លើងខ្លីបាញ់រះជាច្រើនគ្រាប់ទៅលើគូស្នេហ៍មួយគូនោះបណ្តាលឲ្យរងរបួសធ្ងន់។ ឯខ្មាំនកាំភ្លើងបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោលភ្លាមៗនោះជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីកាល់ម៉ែត្រ។
ជនរងគ្រោះទី១មានឈ្មោះ សិង វិន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបម្រើការនៅក្នុងខារ៉ាអូខេមួយកន្លែង ស្នាក់នៅផ្ទះជួល កើតហេតុខាងលើ។ ទី២មានឈ្មោះ គង់ វិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជំនួញ ស្នាក់នៅម្តុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញគូសង្សារគូ បានបើករថយន្តមួយគ្រឿងម៉ាក តូយូតាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5081 មកឈប់នៅត្រង់ចំណុចតហេតុដែលជាចក្រចូលបន្ទប់ជួលរបស់នារីជាសង្សារ ដោយមិនបានចុះពីលើរថយន្តនោះទេ។ ស្រាប់តែមួយសន្ទុះក្រោយមកក៏បានលេចមុខខ្មាន់កាំភ្លើងម្នាក់មិនស្គាល់អត្តសញ្ញាណបាន បើករថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបើក តាមបណ្តោយផ្លូវ១៩៧៤ ក្នុងទិសដៅពីលិចទៅកើត ហើយបានមកឈប់ទន្ទឹមនឹងរថយន្តរបស់ជនរងគ្រោះ រួចបុរសជាខ្មាន់កាំភ្លើងរូបនោះបានដកខ្លីមួយដើមមិនស្គាល់ម៉ាកបាញ់ទម្លុះរថយន្តរបស់ជនរងគ្រោះសំដៅបុរសនិងនារីរងគ្រោះខាងលើជាច្រើនគ្រាប់បណ្តាលឲ្យធ្លុះកញ្ចក់រថយន្តខាងស្តាំ ធ្លាយទៅចំនារីរងគ្រោះចំនួន៣គ្រាប់ (ចំដៃខាងឆ្វេងមួយគ្រាប់ និងចំស្មារខាងស្តាំចំនួនពីរគ្រាប់) និងបុរសរងគ្រោះរងរបួសចំស្មារខាងស្តាំចំនួនមួយគ្រាប់ និងធ្លាយចេញពីទ្វាររថយន្តខាងឆ្វេង ទៅចំទ្វារផ្ទះរបស់ប្រជាពលរដ្ឋចំនួនមួយគ្រាប់ ទើបបង្កឲ្យឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងចេញមកមើល។ ភ្លាមៗនោះខ្មាន់កាំភ្លើងរូបនោះបានបើករថយន្តគេចខ្លួនចេញពីកន្លែងតហេតុបាត់ស្រមោល។
បន្ទាប់មកជនរងគ្រោះទាំង២នាក់ខាងលើត្រូវបានប្រជាពលរដ្ឋដឹកតាមរថយន្តតាកូម៉ាខាងលើទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត។ ហើយនៅជុំវិញក្នុងករណីបាញ់រះខាងលើនេះយើងមិនទាន់មានការបញ្ជាក់ពីប្រភពណាមួយបាននោះទេ ថាបង្កឡើងដោយសារតែមូលហេតុអ្វីនៅឡើយ។
ក្រោយពេលកើតហេតុកម្លាំងអាវុធហត្ថខណ្ឌសែនសុខបានចុះមកដល់ និងបានដើររើសក្បាលគ្រាប់ឃើញចំនួន៣គ្រាប់។ បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បានយកក្បាលគ្រាប់ដែលបន្សល់ទុកពីខ្មាន់ទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវរកជនដៃដល់យកមកដាក់ទោសទៅតាមផ្លូវច្បាប់៕ជ្រោយពេជ្រ