ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធនិងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដំបងឬស្សីវាយបណ្តាលឲ្យរបួសធ្ងន់) នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង០១និង០០នាទី នៅ ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះឈ្មោះហួត ប៉េងគ្រី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងចម្លាក់ ស្នាក់នៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះសុង ដារិទ្ធ ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងចម្លាក់ ស្នាក់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
យោងតាមប្រភពពីមន្ត្រីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជាងចម្លាក់ផ្សេងទៀតបាននាំគ្នាផឹកសុីនៅចំណុចកើតហេតុខាងលើ បន្ទាប់ មកជនសង្ស័យក៏បានឈ្លោះប្រកែកជាមួយប្អូនជនរងគ្រោះ ពេលនោះក៏មានគេទាក់ទងប្រាប់មេការ ឲ្យមកជួយសម្របសម្រួល។ រហូតដល់ម៉ាង០១និង០០នាទី ឈានចូលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ មេការក៏ហៅជនសង្ស័យ និងជាងចម្លាក់ទាំងអស់មកសួរ ពេលនោះជនសង្ស័យក៏ទាស់សម្តីជាមួយជនរងគ្រោះ រួចជនសង្ស័យក៏យកដំបងឬស្សីប្រវែង០.៨០ម៉ែត្រប៉ុនកំភួនដៃ វាយទៅលើជនរងគ្រោះចំសៀតថ្កាខាងស្តាំបណ្តាលឲ្យសន្លប់បាត់ស្មារតី រួចមេការក៏ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មី ចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចធ្វើតេសទឹកនោម ឃើញថាជនសង្ស័យឈ្មោះសុង ដារិទ្ធ ប្រើប្រាស់គ្រឿងញៀនរយៈពេល២ឆ្នាំផងដែរ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស តារា